រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងខេត្តរបស់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីការត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងខេត្តរបស់ខ្លួន។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ! 

រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្តេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មានកម្ពស់ ១៣,១០ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយ ចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់ ១៣,៥០ម៉ែត្រ និងកម្រិតទឹកដែលត្រូវប្រកាសអាសន្ន នៅកម្ពស់ ១៤,៥០ម៉ែត្រ។ ទន្ទឹមនេះដែរ អាងទឹកពហុបំណងបាត់ដំបង បានចាប់ផ្តើមស្រកជាបណ្តើរៗហើយ ប៉ុន្តែទឹកនៅស្ទឹងសង្កែនឹងមានការកើនឡើងតិចតួចដោយសារទឹកសល់ជំរុញមកពីផ្នែកខាងលើ បន្ទាប់មក ទឹកស្ទឹងសង្កែនឹងបន្តស្រកចុះវិញ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវ សម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ ពេលវេលា ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print