ខេត្តពោធិ៍សាត់ ៖ បើគិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឈានចូលពាក់កណ្តាលសប្តាហ៍ទី៣ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញ ស្រុកវាលវែង ! ដោយការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 ប៉ុន្តែនៅតែមិនទាន់រកឃើញតម្រុយឬសញ្ញាណាមួយដែលជាពន្លឺឆ្ពោះទៅរកឃើញនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុកសម្តេចធិបតី នាព្រឹកថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ មានខ្លឹមសារទាំងស្រុងថា « អស់រយៈពេល ១២ ថ្ងៃ មកហើយ តែបច្ចុប្បន្ន ៣សប្តាហ៍ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។
ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។
សម្តេចបន្តថា ៖ ខ្ញុំក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។
ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។
ខ្ញុំសូមជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ ។
សូមបញ្ជាក់ថា ៖ មន្ត្រីយោធាដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញបានអោយដឹងថា ភ្លៀងនៅបន្តធ្លាក់ជាប់ៗគ្នាជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតដែលធ្វើអោយការរុករកបានអូសបន្លាយពេល។
យ៉ាងណាក៏ដោយមានការដាក់ពង្រាយកម្លាំងស្វែងរកក្នុងទំហំប្រតិបត្តិការ៥០គីឡូ ម៉ែត្របួនជ្រុងដើម្បីស្វែងរកឧទ្ធម្ភាគចក្រនិងមនុស្ស២នាក់ដែលកំពុងបាត់ខ្លួននោះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ កាលពីចុងសប្តាហ៍បានអោយដឹងថា កម្លាំងរុករកថ្មើរជើងបានឆ្លងកាត់អូរនិងស្ទឹងហើយឡើង
កំពូលភ្នំមានកម្ពស់រហូតដល់១ពាន់៥០០ម៉ែត្រ ទៅ១ពាន់៧០០ម៉ែត្រ។
ហើយគ្រោងបន្តទៅភ្នំសំកុសដែលក្នុងព្រៃក្រាស់ ។ ភ្នំសំកុស ជាភ្នំខ្ពស់ជាងគេលំដាប់ទី២នៅកម្ពុជា។ ភ្នំនេះមានកំពស់១៧៥១ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ស្ថិត នៅ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជំរកសត្វព្រៃភ្នំសំកុស។
សូមរំលឹកថា កាលពីថ្ងៃទី១២កក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ9 ជាមួយអ្នកបើកបរ២នាក់ ប៉ុន្តែបានបាត់ការទាក់ទងនៅពេលកំពុងបើកបរហ្វឹកហ្វឹននៅតំបន់ភ្នំក្រវ៉ាញ។
ទោះជាការរុករកប្រើពេលវេលាយូរយ៉ាងណាក៏ដោយ ក៏សម្តេចធិបតីកាលពីថ្ងៃទី២៣កក្កដា បានបញ្ជាក់អំពីជំហរមិនបោះបង់ ដោយណែនាំអោយបន្តបេសកកម្មរុករកទាល់តែបានជោគជ័យ៕