ហេតុអ្វីបានជាប្រទេសចិនប្រកាន់ខ្ជាប់ការធ្វើកំណែទម្រង់និងបើកទូលាយ ?

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » អត្ថបទដោយ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិនបានផ្សាយឱ្យដឹងថា ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីឈានដល់ការសម្រេចបានគោលដៅតស៊ូ «១ សតវត្សរ៍ចំនួនពីរ» ពោលគឺគោលដៅសម្រេចបាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនៅមុនឆ្នាំ ២០២១ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលគោលដៅនេះបានសម្រេចដោយជោគជ័យរួចហើយ ។ ចំណែកឯគោលដៅតស៊ូទីពីរគឺការឆ្ពោះទៅរកការសម្រេចបាននូវការកសាងប្រទេសសង្គមនិយមទំនើបដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ស្អាតនៅមុនឆ្នាំ ២០៤៩ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

គេហទំព័រ «CCFR China state-controlled media » បានលើកថា ៖ ហេតុអ្វីបានជាប្រទេសចិនប្រកាន់ខ្ជាប់ការធ្វើកំណែទម្រង់និងបើកទូលាយ ?

តាំងពីបានដាក់ចេញគោលនយោបាយកំណែទម្រង់និងបើកទូលាយមក ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវការអភិវឌ្ឍខ្លួនឯង និងមានឆន្ទៈចែករំលែកនូវបទពិសោធនៃការអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេសនានា ក៏ដូចជារៀនសូត្រពីបទពិសោធអភិវឌ្ឍន៍ដ៏មានតម្លៃរបស់ប្រទេសផ្សេងៗ ដើម្បីឈានដល់ការអភិវឌ្ឍរួម ។ នៅក្នុងដំណើរការនេះ ការបើកទូលាយបានក្លាយជាជម្រើសដែលមិនអាចខ្វះបាន ។
ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបានជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍបែបលោតផ្លោះ ដែលផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ១៩៧៨ មានត្រឹមតែ ៣៦៧៩០០ លានយាន់ប្រាក់ចិនប៉ុណ្ណោះ តែនៅឆ្នាំ ២០២៣ GDP របស់ចិនមានដល់ទៅជាង ១២៦.០៦ ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើងជិត ៣៥០ ដង ព្រមទាំងបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកនិងជាប្រទេសដែលផ្តល់ជំនួយច្រើនបំផុតដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបាននាំប្រទេសចិនរើបម្រះចេញពីអ្វីដែលកាលពីអតីតកាលមានប្រទេសមួយចំនួនធ្លាប់ដាក់ងារថា«អ្នកជំងឺអាស៊ីបូព៌ា» និងប្រែក្លាយជានាគនៅអាស៊ី រហូតដល់មានឥទ្ធិពលយ៉ាងសំខាន់ចំពោះការអភិវឌ្ឍនៃពិភពលោកទាំងមូល ។ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងលំនឹងសន្តិភាពពិភពលោក ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបាននាំឱ្យប្រទេសចិនប្រែក្លាយពីប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនជនក្រីក្រច្រើនបំផុតលើពិភពលោកទៅជាប្រទេសទីមួយលើពិភពលោកដែលប្រជាជនក្រីក្រទូទាំងប្រទេសបានចាកចេញពីភាពក្រីក្រទាំងស្រុង ។ បុព្វហេតុដ៏អច្ឆរិយនេះត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយបទពិសោធនិងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិជាច្រើនលើកដើម្បីចែករំលែកជាមួយប្រទេសនានា ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបានធ្វើឱ្យ«រង្វង់មិត្តភក្តិ»របស់ប្រទេសចិនកាន់តែរីកធំឡើងៗ ពោលគឺគិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ មានប្រទេសចំនួន ១៨៣ នៅលើពិភពលោកបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ មិនថាប្រទេសធំឬតូច មិនថាជាតិសាសន៍ឬពណ៌សម្បុរណា ក៏ប្រទេសចិនបានរាប់រកដោយសមភាព និងគោរពគ្នាទៅវិញទៅមក ដូចជាឃ្លាមួយក្នុងចម្រៀងបទ«ស្រណោះប្រទេសចិន»ដែលជាព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានលើកឡើងថា«អ្នកជាមហាអំណាចដែលអាចឆ្មើងដ៏ឧត្ដម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំឬតូចយ៉ាងណា» ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបានធ្វើឱ្យប្រទេសចិនមានភាពឯករាជ្យម្ចាស់ការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ កាលពីអតីតកាល ការអភិវឌ្ឍនៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមួយចំនួនធំរបស់ប្រទេសចិនត្រូវពឹងផ្អែកលើបរទេសទាំងស្រុង ប៉ុន្តែបច្ចុប្បន្ននេះ មានវិស័យជាច្រើនមិនត្រឹមតែមិនចាំបាច់ពឹងផ្អែកលើបរទេសនោះទេ ប៉ុន្តែថែមទាំងបានចែករំលែកសមិទ្ធផលនៃការសិក្សាស្រាវជ្រាវដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមមនុស្សជាតិទៀតផង តួយ៉ាងដូចជាប្រព័ន្ធផ្កាយរណបកំណត់ទីតាំង បន្ទះឈីប ស្ថានីយអវកាសជាដើម ជាពិសេសការយកសំណាកដីពីផ្ទៃខាងក្រោយនៃភពព្រះចន្ទដែលជាសមិទ្ធផលសិក្សាស្រាវជ្រាវដំបូងបង្អស់លើពិភពលោក ។

ចូលក្នុងយុគសម័យថ្មី ប្រទេសចិនបានឈានចូលដំណាក់ការ«ធ្វើទំនើបកម្មតាមបែបផែនចិន»ដើម្បីឈានទៅរកការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។ ក្នុងនោះ «ការបើកទូលាយដោយកម្រិតខ្ពស់»ត្រូវបានតាក់តែងជាជំពូកឯករាជ្យមួយក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបង្ហាញយ៉ាងប្រចក្សនូវការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការបើកទូលាយ ។ ចំណែកឯផែនការគោលនៃការអភិវឌ្ឍដោយគុណភាពខ្ពស់ដែលលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបបិទបញ្ចប់គឺការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតនូវកំណែទម្រង់ ។

«បើកទូលាយរស់ បិទទ្វារស្លាប់» មានតែការបើកទូលាយទើបអាចនាំមកនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបអាចចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍ទៅវិញទៅមក ពិសេសប្រឈមនឹងភាពស្មុគស្មាញនៃស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលមានទាំងបម្រែបម្រួលខាងនិម្មាបនកម្មសកលនិងវិបត្តិផ្ទួនៗ នោះគឺតម្រូវឱ្យប្រទសទាំងអស់ពួតដៃគ្នាដើម្បីជម្នះឧបសគ្គ និងស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ តាមរយៈគោលនយោបាយបើកទូលាយដោយកម្រិតខ្ពស់របស់ខ្លួនប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសនានាដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម វិបុលភាពរួមនិងកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិនៅទីបំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print