អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖​ បង្ហាញជូននូវទិដ្ឋភាពច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តអំពីការផ្តន្ទាទោសនូវល្មើសដែលពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកសញ្ញា ឬឯកសណ្ឋានកងរាជអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៤ម្សិលមិញ​ បានបង្ហាញជូននូវទិដ្ឋភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងអំពីការផ្តន្ទាទោសនូវអំពើល្មើសដែលពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកសញ្ញា ឬឯកសណ្ឋានកងរាជអាវុធហត្ថ ដូចតទៅ៖

-យោងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១០ (ភ្ជាប់ជាមួយឯកសាររូបភាព)។
-យោងអនុក្រឹត្យលេខ២៦ អនក្រ.បក. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៨ ស្តីពីឯកសណ្ឋាន និងស្លាកសញ្ញាកងរាជអាវុធហត្ថ និងអនុក្រឹត្យលេខ១២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យនៃកងយោធពលខេមរភូមិន្ទ (ភ្ជាប់ជាមួយឯកសាររូបភាព)។

១- អំពីប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៤ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ។

២- អំពើប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅប្រើប្រាស់ដោយភ្នាក់ងារនគរបាល ឬយោធិន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៥ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា។

៣- អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវលម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា ដែលអាចនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀល ដូចមានចែងក្នុងមាត្រា៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា។

ជាការពិត អំពើប្រើប្រាស់ជាសាធារណៈ នូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់ របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិនេះ បានធ្វើឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរកងរាជអាវុធហត្ថយើងខ្ញុំ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត លះបង់គ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខ រក្សារបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

...

កងរាជអាវុធហត្ថ សូមអំពាវនាវដល់បុគ្គលដែលកំពុងប្រើប្រាស់ជាសាធារណៈ នូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់ របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិ តាមគ្រប់មធ្យោបាយ ត្រូវបញ្ឈប់ជាបន្ទាន់ កងរាជអាវុធហត្ថយើងខ្ញុំ នឹងធ្វើការស្រាវជ្រាវនិងអនុវត្តច្បាប់ចំពោះបុគ្គលណាដែលបន្តល្មើសច្បាប់នេះ។​ សូមមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា សូមគោរពអរគុណ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print