លោកបណ្ឌិត គិន ភា ៖ ការបង្រៀនឱ្យប្រជាពលរដ្ឋចេះគិត ចេះពិចារណា ជារឿងសំខាន់ណាស់ ប៉ុន្តែ យើងមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ

ចែករំលែក៖

ភ្នំពេញ ៖ ការបញ្ចេញមតិរបស់បងប្អូនយើងមួយចំនួន តាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិេសស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាពរបស់ពួកគាត់ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារៈនិយម និងវិចាវិទ្យាមនោនិយម។ នេះជាការលើកឡើងដោយ លោកបណ្ឌិត គិនភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ។

លោកបណ្ឌិតបន្តថា ៖ ប៉ុន្តែស្ថានភាពនេះ, មួយផ្នែកបង្ហាញឱ្យឃើញពីចំណុចខ្វះខាតនៃប្រព័ន្ធអប់រំរបស់យើង ដែលមិនអាចបង្រៀនឱ្យប្រជាពលរដ្ឋយើងឱ្យចេះអំពីរបៀបគិតនិងពិចារណាឱ្យបានពេញលេញ ។ ទន្ទឹមនឹងនេះ បណ្ឌិត បញ្ញវន្ត និងវិជ្ជាករដទៃទៀត ក៏មានចំណែកទទួលខុសត្រូវក្នុងរឿងនេះដែរ ដែលមិនបានរួមចំណែកឱ្យសក្តិសមនឹងតួនាទីរបស់ខ្លួនក្នុងរឿងនេះ។ សូក្រាត បាននិយាយថា «ខ្ញុំមិនអាចបង្រៀននរណាម្នាក់អំពីអ្វីមួយនោះទេ ខ្ញុំគ្រាន់តែអាចធ្វើឱ្យពួកគេចេះគិត (I cannot teach anybody anything. I can only make them think)»។

ដូច្នេះ ការបង្រៀនឱ្យប្រជាពលរដ្ឋចេះគិត ចេះពិចារណា ជារឿងសំខាន់ណាស់ ប៉ុន្តែ យើងមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ គឺវាត្រូវការពេលវេលាស្ទើរតែមួយជំនាន់មនុស្ស។ បើយើងគិតគូរពីឥឡូវនេះ យ៉ាងហោចណាស់ ២០ទៅ២៥ឆ្នាំខាងមុខ ទើបយើងឃើញលទ្ធផល ពោលគឺត្រូវបណ្ដុះផ្នត់គំនិតមនុស្សចាប់តាំងពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ រហូតដល់កម្រិតឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា។

ការវិនិយោគទៅលើផ្នត់គំនិតមនុស្សជាការវិនិយោគដ៏ត្រឹមត្រូវ ចាំបាច់ និងមិនអាចខ្វះបាន និងមានតម្លៃបន្ថែមខ្ពស់បំផុត។ ការវិនិយោគនេះ ត្រូវតែធ្វើជាប់ជាប្រចាំនិងយូរអង្វែង។ គុណភាពនៃការគិតរបស់ប្រជាពលរដ្ឋបែបណា គុណភាពនៃសង្គមបែបនោះ។

ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការវិនិយោគលើមូលធនមនុស្សត្រូវដើរទន្ទឹមគ្នាជាមួយនឹងការខិតខំរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ទាំងរាស្ត្រ និងរដ្ឋត្រូវដើរស្រុះជើងគ្នាក្នុងចង្វាក់បេះដូងតែមួយ ទើបជាតិយើងអាចទៅមុខបានប្រកបដោយមោទនភាព និងនិរន្តរភាពជាមួយនឹងសន្តិភាពនិងស្ថិរភាពរឹងមាំយូរអង្វែង យុត្តិធម៌សង្គមពេញលេញ និងការអភិវឌ្ឍប្រកដោយបរិយាបន្ន។

ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈនិងគ្រប់ និន្នា ការ នយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្ត របស់យើង ដែលបានចារឹកទុក ក្នុង រដ្ឋធម្មនុញ្ញ របស់ យើង គឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នា ពង្រឹង ឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌ អង្គរដ៏បវរ»។

ចុងក្រោយ, «បើមិនបានជួយជាតិ, សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print