ខេត្តពោធិ៍សាត់ ៖ ឧទ្ធម្ភាគចក្រត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ ។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ នៅពេលនេះ កងកម្លាំងថ្មើរជើង កំពុង ប្រតិបត្តិ ការ រួសរាន់ សម្រុកទៅកាន់កន្លែងរកឃើញឧទ្ធម្ភាគច្រក ដើម្បី សង្រ្គោះអាកាសយានិក ទាំង២នាក់ បើទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផល ដល់ការរុករកក៏ដោយ។
សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុម ការងារ រុករក និង សង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ តាមរយៈ ការហោះហើរ រុករក នៅ ចំណុចលើភ្នំយ៉ាវយ៉ៃ ស្ថិត នៅ ឃុំថ្ម ដា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកពាក្យនិងជា រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិ បត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។ សូមអរគុណ ! ៕
ដោយ ៖ សិលា