លោក ហ៊ុយ វណ្ណៈ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ ដែលដឹកនាំដោយលោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ នៅអគារសេរីភាព នារសៀលថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ លោក Chavarong មានប្រសាសន៍ថា គណៈប្រតិភូថៃអញ្ជើញមកប្រទេសកម្ពុជានាពេលនេះ មានគោលបំណងស្វែងយល់អំពីស្ថានភាពនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ លោក Chavarong បានបន្តថា ៖ ក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ ត្រូវបានបង្កើតឡើងតាំងឆ្នាំ១៩៩៧ ហើយបច្ចុប្បន្ន ក្រុមប្រឹក្សានេះកំពុងដើរតួនាទីយ៉ាងសកម្មភាពក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅប្រទេសថៃ។ 

លោក Chavarong ក៏បានស្នើសុំ លោក ហ៊ុយ វណ្ណៈ ពិចារណាចូលជាសម្ព័ន្ធភាពក្នុងបណ្តាញក្រុមប្រឹក្សាសារព័ត៌មានអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្ននេះមានសមាជិក៤ប្រទេសរួចហើយ គឺប្រទេសថៃ ប្រទេសឥណ្ឌូណេស៊ី ប្រទេសទីម័រខាងកើត និងប្រទេសមីយ៉ាន់ម៉ា។ 

ជាការឆ្លើយតប លោក ហ៊ុយ វណ្ណៈ បានសម្តែងការស្វាគមន៍ចំពោះវត្តមាននៃគណៈប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ ក៏ដូចជាសំណើររបស់ភាគីថៃក្នុងការចងសម្ព័ន្ធភាព។ 

លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងរយៈពេល៨ឆ្នាំមកហើយ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ 

លោក ហ៊ុយ វណ្ណៈ បន្តថា ក្នុងការរួមចំណែកពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលជាច្រើនលើក រហូតមកទល់ពេលនេះ មានសិក្ខាកាមជាង២ពាន់នាក់ទទួលបានការបណ្តុះបណ្តាល។ ថ្មីៗនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានចងក្រង សៀវភៅ ស ដើម្បីរួមចំណែកដល់ការលើកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងសីលធម៌សង្គម ដែលសៀវភៅនេះនឹងទៅសម្ពោធនាថ្ងៃទី៨ ខែសីហា ខាងមុខនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print