ក្នុងពេល៦ខែ ! ពន្ធដារកម្ពុជាប្រមូលចំណូលចូលជាតិបានជិត ២០០០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ ស្មើនឹង ៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធដារបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ពន្ធដារប្រមូលចំណូលបានប្រមាណ ២៤៨,៣៣លានដុល្លារ ស្មើនឹង ៥,៩៦ភាគរយនៃច្បាប់ប្រចាំឆ្នាំ។

លោក គង់ វិបុល បានលើកឡើងថា ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋាពន្ធដារ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស អនុវត្តគោលនយោបាយពន្ធដារដែលបានសម្រួល និងលើកកម្ពស់បន្ថែមទៀតនូវបរិយាកាសធុរកិច្ចដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគ និងការប្រកបអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល និងទទួលបានប្រាក់ចំណេញ ឈានទៅបន្តទាក់ទាញបន្ថែមទៀតនូវវិនិយោគិនបរទេសឱ្យចូលមកកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ។

គួររំលឹកដែរថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ តាមរយៈអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាថវិកាជាតិបានប្រមាណ ៣ ៥៧១,៧០លានដុល្លារ ស្មើនឹង ១០១,១៣ភាគរយ ៕

 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print