លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការចាប់ផ្តើមគម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ”

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការចាប់ផ្តើមគម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ” គឺមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មាន ដើរតួនាទីឈានមុខមួយក្នុងការបង្ការជំងឺឆ្លងតាមរយៈការធ្វើជាអ្នកនាំសារ រវាងអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការសម្រេចចិត្ត សង្គមស៊ីវិល និងប្រជាជន, ។
ទន្ទឹមនេះ យុទ្ធសាស្ត្រនៃការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីភាពស្មុគស្មាញនៃបញ្ហាសុខភាព និងបរិស្ថាន ហើយសរសេរព័ត៌មានក្នុងលក្ខណៈសាមញ្ញងាយស្រួលយល់ សម្រាប់សាធារណជនទូទៅ គឺស្របនឹងយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដែលតែងតែប្រកាន់នូវគោលការណ៍ ខ្លី ខ្លឹម ខ្លាំង,
ការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីនៃអង្គសិក្ខាសាលាបើកដំណើការគម្រោង “ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ” MEDAI FOR ONE HEALTH រៀបចំឡើងដោយ ភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង CFI ដែលជាប្រតិបត្តិការក្រសួងអឺរ៉ុប និងបរទេសបារាំង ទទួលបន្ទុកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នាសណ្ឋាគារ Sun Way ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ហ្សាក់ ប៉ឺឡេ  ( Jacques PELLET)  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងមានអ្នកសារព័ត៌មានមកពីប្រទេសឡាវ វៀតណាម ហ្វីលីពីន និងអ្នកសារព័ត៌មានកម្ពុជា
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈផ្នែកប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យបានយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្រ្ត វិទ្យាសាស្រ្តសុខភាពតែមួយនាពេលនេះ។

បច្ចុប្បន្នសារព័ត៌មានបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ ហើយតួនាទីនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការលេច ឡើងនូវជំងឺរាតត្បាតថ្មីៗ ដូចជាជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតដែលកើតឡើងចំពោះមនុស្ស សត្វ ដែលមានជាប់ពាក់ព័ន្ធនឹង ការប្រែប្រួល ធាតុអាកាស ឬការប៉ះពាល់បរិស្ថាន។ លោករដ្ឋមន្ត្រី មានជំនឿជឿជាក់យ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងជួយឱ្យអ្នកសារព័ត៌មាន មានការយល់ដឹងកាន់តែល្អអំពីយន្តការ “សុខភាពតែមួយ” ហើយក៏ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗទៀតបន្ថែមទៀត ដើម្បីយកទៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ជាប្រយោជន៍សម្រាប់សាធារណជន
  រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែរីកចម្រើន ដើម្បីបម្រើប្រយោជន៍សាធារណៈជន ក្រោមទិសស្លោក ថ្មី ពិត និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសេដ្ឋកិច្ច សង្គម នយោបាយ បរិស្ថាន និងសុខភាពសាធារណៈ។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារ CFI ចាប់តាំងពីឆ្នាំ ២០១៨ មក CFI បានធ្វើកិច្ចសហការប្រកបដោយផ្លែផ្កាជាច្រើននៅកម្ពុជា  តាមរយៈគម្រោងនានាដូចជា គម្រោងតភ្ជាប់ជនបទ (Rural Connections) និងគម្រោងព័ត៌មានចីរភាពមេគង្គ (Mekong Sustainable News)  ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែប្រសើរអំពីវិស័យកសិកម្ម សុខភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព
នៅក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ តំណាងអង្គការសុខភាពពិភពលោកសម្រាប់សុខភាពសត្វ និង អ្នកសម្របសម្រួលថ្នាក់តំបន់សម្រាប់គម្រោង “ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ” នៃទីភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបាំង CFI បានចូលរួមនូវមតិយោបល់សំខាន់ៗទាក់ទងសុខភាពមនុស្ស និងសុខភាពសត្វ នឹងវិធានការការពារ ។ ជាមួយនេះ អង្គការ CIRAD ដែលមានជំនាញឯកទេសក្នុងការឃ្លាំមើលសុខភាពសត្វ ជីវសុវត្ថិភាព ការវិភាគហានិភ័យ និងការត្រៀមបង្ការនិងឆ្លើយតបការរីករាលដាលនៃជំងឺ បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនដើម្បីអោយអ្នកសារព័ត៌មានបានដឹង យល់ច្បាស់នៅក្នុងគម្រោង “ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print