អន្តរជាតិ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៩ខែកក្កដា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា បន្ទាប់ពីបញ្ចប់កិច្ចចរចា”២បូក២”នៅក្រុងតូក្យូ អាមេរិកនិងជប៉ុនបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយរិះគន់ពីគោលនយោបាយការទូតរបស់ចិន តើភាគីចិនមានការឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?
គេហទំព័រ «CCFR China state-controlled media » បានលើកឡើងថា ៖ លោកLinJianបានថ្លែងថា សេចក្តីថ្លែងការណ៍រួមរបស់ជប៉ុននិងអាមេរិកមិនអើពើនឹងការពិតជាក់ស្តែង និយាយប្រែសជាខ្មៅ ឃោសនាបំប៉ោងយ៉ាងគឃ្លើននូវ”ការគំរាមកំហែងរបស់ចិន”និងស្ថានការណ៍ដ៏តានតឹងក្នុងតំបន់ ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។
គេហទំព័រ «CCFR China state-controlled media » ដដែលថា ៖ លោកLinJianបានគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍសកលនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។ អ្នកដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសដទៃទៀតនិងសុខសុភមង្គលរបស់ប្រជាជនអាស៊ីប៉ាស៊ីហ្វិកគឺជប៉ុននិងអាមេរិកហ្នឹងឯង!ជប៉ុននិងអាមេរិកនិយាយបានតែមាត់ថា នឹងជំរុញសន្តិភាពនិងសន្តិសុខក្នុងតំបន់ គាំពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់កំណត់ តែតាមពិតទៅ បានឃុបឃិតគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូច លេងកលល្បិចនយោបាយជាក្រុម បង្កជាការបដិបក្ខគ្នាជាក្រុម និងបំផ្លាញសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ។ យើងដាស់តឿនយ៉ាងខ្លាំងឱ្យជប៉ុននិងអាមេរិកបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនភ្លាម បញ្ឈប់ការបង្កឱ្យមានការបដិបក្ខគ្នា បញ្ឈប់ការបង្កឱ្យមាន”សង្រ្គាមត្រជាក់ថ្មី” ដើម្បីជំរុញស្ថិរភាពជាយុទ្ធសាស្រ្តក្នុងតំបន់តាមរយៈការអនុវត្តជាក់ស្តែង កុំក្លាយជាគ្រោះចង្រៃនៃសន្តិភាពនិងភាពសុខសាន្តត្រាណរបស់អាស៊ីប៉ាស៊ីហ្វិក៕