ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវនៅកម្ពុជា ដោយឯកឧត្តមបញ្ជាក់ថា ទស្សនកិច្ចនេះនឹងនាំមកនូវការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ឡាវ ឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង បានសម្តែងនូវក្តីមោទនភាព និងរំភើបរីករាយ ចំពោះដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ពោរពេញដោយមិត្តភាពល្អផូផង់រវាងកងទ័ពប្រទេសទាំងពីរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្សពិសេន បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ដែលប្រកាន់ខ្ជាប់ និងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ជាពិសេសជាមួយប្រទេសជិតខាងកម្ពុជា។
សម្រាប់ កម្ពុជា-ឡាវ ឯកឧត្តមបញ្ជាក់ថានឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាពស្អិតរមួតនិងយូរអង្វែងជាមួយគ្នា ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីដែលនឹងនាំមកផលប្រយោជន៍រួម និងអនុវត្តខ្ជាប់ខ្ជួនផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ការផ្តល់អាហារូបករណ៍ទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មានចារកម្ម និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ។
ឯកឧត្តមបានសំណូមពរដល់ភាគីឡាវ ក្នុងការបន្តសហការគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបន្តជំរុញការអនុវត្តតាមខ្លឹមសារកំណត់ហេតុប្រជុំលើកទី២ រវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាមួយនេះ ឯកឧត្តមបានសំណូមពរដល់ភាគីឡាវបន្តកិច្ចសហការ ក្នុងស្មារតីមិត្តភាព សាមគ្គីភាពជាបងប្អូន និងអ្នកជិតខាងល្អ ដោយមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក សំដៅទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ពិសេស បទឧក្រិដ្ឋភេរវកម្ម ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះមហន្តរាយ ការបង្កើតព្រឹត្តិការណ៍លេងកីឡា សម្តែងសិល្បៈកម្សាន្តទៅវិញទៅមក។
កិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពីសមិទ្ធផលនិងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងបានឯកភាពចំពោះសំណើមួយចំនួនរបស់កងទ័ពកម្ពុជា។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះជំនួបជាប្រពៃណីរវាងកងទ័ពកម្ពុជា-ឡាវ នៅពេលនេះ ថាបានប្រព្រឹត្តទៅស្ថិតក្នុងបរិយាកាសដែលចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋាភិបាល និងកងទ័ពប្រទេសទាំងពីរត្រូវបានពង្រឹង ពង្រីកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។
លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឯកឧត្តមប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានរួមគ្នាធ្វើឲ្យសភាពការណ៍នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរមានសន្តិសុខ របៀបរៀបរយល្អ សមត្ថកិច្ច និងប្រជាពលរដ្ឋបានផ្លាស់ប្ដូរទៅមករកគ្នាជាប្រក្រតី។
ឯកឧត្តម បានសំណូមពរភាគីកម្ពុជាក្នុងការបន្តជំនួបរវាងកងទ័ពប្រទេសទាំងបី ឡាវ កម្ពុជា និងវៀតណាម ជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្ដូរគ្នាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងគាំទ្រនិងជំរុញឲ្យគណៈកម្មការព្រំដែនរួមប្រទេសទាំងពីរបានបន្តដំណើរការត្រួតពិនិត្យ និងបោះបង្គោលព្រំដែនរួមគ្នា និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់។
ទន្ទឹមនេះ ឯកឧត្តមប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក៏បានសំណូមពរដល់ការបន្តផ្លាស់ប្ដូរសិក្ខាកាមឱ្យមានចំនួនច្រើនជាងមុន ការបង្កើតយន្តការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅតាមព្រំដែន ព្រមទាំងបន្តការហ្វឹកហ្វឺនគ្រោះមហន្តរាយ៕