មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់ និងបុគ្គលម្នាក់ទៀត ដែលឃាត់ខ្លួនដោយ ACU ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់ និងបុគ្គលម្នាក់ទៀត ដែលឃាត់ខ្លួនដោយ ACU ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់

សាលាដំបូងខេត្តកំពង់ធំ ស្តីពី ចំណាត់ការលើសំណុំរឿង​ព្រហ្ម​ទណ្ឌទាក់ទងនឹងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ធំ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។ 

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៧៥១ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលកសាងឡើងដោយអង្គភាពប្រឆាំងអំពើ ពុករលួយ ពាក់ព័ន្ធនឹងករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក មាន ជនត្រូវចោទចំនួន០២នាក់ គឺ ១.ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជា ប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានចោទប្រកាន់ពីបទ៖«បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០ និង២.ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជា កសិករ ត្រូវបានចោទប្រកាន់ ពីបទ៖«សមគំនិតក្នុងអំពើបំផ្លាញដោយ ចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៩ និងមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយឆ្នាំ២០១០ ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង០២រូប គឺ ១.ឈ្មោះ ហេ គឿន និង២.ឈ្មោះ សែ សុងហេង នៅ ពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print