ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេសចរ

ចែករំលែក៖

ខេត្តក្រចេះ ៖ ធនាគារសំរាមដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយការប្រើប្រាស់ឡើងវិញនិងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់លើសកម្មភាពគោលធំៗចំនួន៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពីសំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation  និងអង្គការអប់រំបរិស្ថាននិងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកសម្រាកលំហែនិងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើង របស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់នៅក្នុងកម្មវិធីចុះពិនិត្យការគ្រប់គ្រងទុកដាក់សំណល់នៅកោះទ្រង់ខេត្តក្រចេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤។

ជាមួយគ្នានេះលោកចៅសង្កាត់កោះទ្រង់ បានគូសបញ្ជាក់ថា ធនាគារសំរាមគឺជាប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង តាមរយៈការបែងចែកសំរាមចេញជា ៣ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋនិងសហគមន៍ធ្វើជាជីសរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែច្នៃបាន វេចខ្ចប់ឱ្យស្អាតនិងយកទៅបោះចោលនៅទីលានចាក់សំរាម។ 

គួររម្លឹកជូនថា កោះទ្រង់ដែលមានផ្ទៃដីជាង ២០០ហិកតា គឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះគួរជាទីគយគន់និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ ៕

ដោយ ៖ សិលា

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print