ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ននៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ២០២៤។
ប្រសាសន៍បើក និងតម្រង់ទិសដល់កិច្ច ប្រជុំ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះមានគោបំណងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពការងារនៃការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធទិន្នន័យមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាននៃគ.វ.រ. បាននឹងកំពុងសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីជំរុញការងារនេះ ឱ្យស្របតាមវិធានការគន្លឹះទី២ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាស ដើម្បីទទួលបាននូវមតិយោបល់ ការចែករំលែកបទពិសោធន៍ និងធាតុចូលបន្ថែមរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអ្នកចូលរួមអនុវត្តន៍ផ្ទាល់នៅក្នុងការដំណើរការការវិភាគឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ននេះ។
ក្នុងកិច្ចប្រជុំនេះ ការបង្ហាញពីរបាយការណ៍សង្ខេបវឌ្ឍនភាពការងារ ការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងបញ្ហាផ្សេងៗ ដែលបានជួបប្រទះនៅពេលអនុវត្តន៍ការងារ ជាមួយក្រសួង- ស្ថាប័នផ្ទាល់ ព្រមទាំងសំណូមពររបស់ក្រសួង-ស្ថាប័ន។ លើសពីនេះ អង្គប្រជុំក៏មានការផ្តល់មតិយោបល់ដែលជាធាតុចូលពីឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ព្រមទាំងរាជធានី-ខេត្ត បានបង្ហាញឆន្ទៈខ្ពស់ក្នុងការគាំទ្រការកែទម្រង់រដ្ឋបាលសាធារណៈ និងការរៀបចំអង្គភាពរបស់ខ្លួន ឱ្យរឹតតែមានរបៀបរៀបរយ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងបង្ហាញពីបញ្ហាមួយចំនួនដែលបានជួបប្រទះ ក្នុងការធ្វើវិភាគមុខងារ និងបង្រួមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ននីមួយៗ។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដល់អង្គប្រជុំទាំងអស់ ឱ្យបានជ្រាបថា ការវិភាគមុខងារដែលអគ្គលេខាធិការដ្ឋាននៃគ.វ.រ. កំពុងដំណើរការនាពេលនេះ គ្រាន់តែជាដំណាក់កាលទី១ សម្រាប់កៀងគរ ប្រមូលព័ត៌មានតែប៉ុណ្ណោះ ក្រៅពីនេះបន្តទៅមុខទៀត ជាដំណាក់កាលទី២ ដែលតម្រូវឱ្យអគ្គលេខាធិការដ្ឋាននៃគ.វ.រ. រៀបចំក្រុមការងារ ដើម្បីធ្វើការវិភាគ និងដាក់ជូនសម្តេចមហាបវរធិបតី ដើម្បីសម្រេច និងការតម្រង់ទិសណែនាំបន្ថែម។
ឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគ.វ.រ. បានសង្កត់ធ្ងន់ថា “ការកែទម្រង់នេះមិនមែនជាការងារថ្មីនោះទេ គឺគ្រាន់តែជាការងារបន្ត និងសម្រួចមុំ ឱ្យកាន់តែមុតស្រួច និងស៊ីជម្រៅ ហើយការងារនេះមិនអាចបន្ថយល្បឿន ឬបង្អាក់នោះឡើយ ពោលគឺត្រូវតែខិតខំប្រឹងប្រែងបោះជំហានយ៉ាងស្វាហាប់ទៅមុខឱ្យបានឆាប់រហ័ស និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយលេខាធិការដ្ឋាននៃ គ.វ.រ. បានត្រៀមខ្លួនរួចជាស្រេចគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងការចូលរួមសហការធ្វើការជាមួយក្រសួងសាមីនីមួយៗក្នុងការជំរុញការអនុវត្តការវិភាគមុខងារនេះឱ្យសម្រេចបានដោយជោគជ័យ តាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី និងការកែទម្រង់សាធារណៈ។”៕