ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនក្មេងស្ទាវ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០៧នាក់ និងម៉ូតូ ០៧គ្រឿង យកមកអនុវត្តតាមនីតិវិធីច្បាប់។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ករណីក្មេងស្ទាវ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស នៅចំណុចទីក្រុងកោះនរា ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន០៧នាក់ និងម៉ូតូ ០៧គ្រឿង។
បច្ចុប្បន្ន កម្លាំងជំន៦បានធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលធានាខ្លួន ត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកម៉ូតូ ធ្វើការដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន៕ដោយ៖តារា