អន្តរជាតិ ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតអបអរសាទរលោក Nicolás Maduro Moros ដែលបានជាប់ឆ្នោតបន្តអាណត្តិជាប្រធានាធិបតីនៃប្រទេសសាធារណរដ្ឋវ៉េណេស៊ុយអេឡា ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងវ៉េណេស៊ុយអេឡា ជាមិត្តល្អដែលមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក និងជាដៃគូល្អក្នុងការអភិវឌ្ឍរួម ។ ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវ៉េណេស៊ុយអេឡាក្នុងការគាំពារអធិបតេយ្យភាព សេចកី្តថ្លៃថ្នូរនៃជនជាតិ និងស្ថិរភាពសង្គម គាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុយុត្តិធម៌របស់ប្រទេសវ៉េណេស៊ុយអេឡាដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវ៉េណេស៊ុយអេឡា រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី ដើម្បីបន្តដឹកនាំឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងចិននិងវ៉េណេស៊ុយអេឡាឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕