តើវាសនាជនសម្តែងឬទ្ធិ បាញ់កាំភ្លើងក្នុងក្លឹប ឈ្មោះ ខុន បញ្ចសិទ្ធ ទៅជាយ៉ាងណាបន្ត ខណៈតំណាងអយ្យការបញ្ជប់ការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ ៖ ជនត្រូវចោទឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង បាញ់នៅក្លឹបកំសាន្ត Central.X ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថកងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច ចោទប្រកាន់ជាផ្លូវការ ពីបទ កាន់កាប់ ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និង ម្នាក់ទៀត ឈ្មោះ ជឿន ចុន ត្រូវបានចោទប្រកាន់ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបញ្ជូន ជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង បាញ់នៅក្លឹបកំសាន្ត Central.X និងបក្ខពួកជាតៃកុងឡាន ទៅកាន់អយ្យការ ចាត់ការបន្តនីតិវិធី។

សូមរំលឹកថានៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ គឺនៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ អាចក្នុងឡានជនសង្ស័យមានអាវុធ ទាំង២ដើមនេះ ព្រោះជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង ដែលសមត្ថកិច្ចចាត់ទុកថា អ្នកមានជាន់ថ្មី តែចៃដន្យអីជួបកម្លាំងកងរាជអាវុធហត្ថភ្នំពេញ ជាសមត្ថកិច្ចជើងយូរ ខាងជំនាញបង្ក្រាប !

សូមជម្រាបថា ៖ ជនសង្ស័យរូបនេះបានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកុងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ«ជនសង្ស័យមានចេតនាទុច្ចរិតចម្លើយឆ្លើយភូតកុហកសមត្ថកិច្ច មា បទល្មើសទៅហើយ» ។

ករណីនេះ ! មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមដានដោយយកចិត្តទុកដាក់បំផុត ខណៈអំពើខាងលើនេះសង្គមស្អប់ខ្ពើមបំផុត ហេតុអីខ្លួន ជាមេធាវី ជាអ្នកអ្នកច្បាប់ មានងារជាឧកញ៉ា ប្រព្រឹត្តបទល្មើសបែបនេះ ។ ត្រូវយល់ថា ៖ ប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ «នីតិរដ្ឋ» តុលាការឯករាជ្យ ! សង្ឃឹមថា ..! គ្មានវប្បធម៌អន្តរាគមន៍ ជ្រៀតជ្រេតដល់ប្រព័ន្ធតុលាការនោះឡើយ ដើម្បីរួមគ្នាលុបបំបាត់ នូវនិទណ្ឌភាព នៃបទល្មើស ដែលកើតមាននៅក្នុងសង្គមជាតិរបស់យើង ។

...

បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ននាពេលឆាប់ៗនេះ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print