ខេត្តតាកែវ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងណែនាំឱ្យមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់បទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើសមិនប្រពៃណី ខណៈបទល្មើសនេះក៏ជាក្ដីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅមូលដ្ឋានតែម្ដងដែលការយល់ដឹងនៅមានកម្រិត, បទល្មើសគ្រឿងញៀន ចោរកម្ម ក្មេងទំនើង, គ្រោះថ្នាក់ចរាចរណ៍ជាដើម។ មន្រ្តីនគរបាលមិនត្រូវរំលោភលើតួនាទីភារកិច្ច ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ឡើយ។
ការថ្លែងបែបនេះរបស់ នាយឧត្តមសេនីយ៍ ស ថេត បានធ្វេីឡេីងនាឱកាសស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។
សូមជម្រាបថា ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី មុនចូលកាន់តំណែងនេះ កាន់តួនាទីជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក្នុងរយៈពេលជាង៣ឆ្នាំ នៃការកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំ បានសម្រេចនូវលទ្ធផលការងារ និងស្នាដៃយ៉ាងច្រើន ក្នុងនោះមានទាំងការពង្រឹងសមត្ថភាពនគរបាល កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព។ លើសពីនេះ អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង បានចូលរួមអបអរសាទរជាមួយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ ហើយសូមកោតសរសើរចំពោះសមិទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមករបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា។ លោក វ៉ី សំណាង ក៏បានផ្ដាំផ្ញើដល់ស្នងការថ្មី ត្រូវរក្សាសាមគ្គីផ្ទៃក្នុង ពង្រឹងកសាងអង្គភាព និងអភិវឌ្ឍន៍សមត្ថភាពរបស់មន្ដ្រី សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា និងកោតសរសើរចំពោះរក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានខេត្តតាកែវ រយៈពេលជិត៣ឆ្នាំកន្លងមកនេះ ខណៈបញ្ហាសន្ដិសុខជាតិ ជាខ្នងបង្អែកដ៏រឹងមាំរបស់វិស័យផ្សេងៗ។ នាយឧត្តមសេនីយ៍ ស ថេត ក៏បង្ហាញការគាំទ្រ និងឯកភាពចំពោះការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក្នុងនាមជាស្នងការនគរបាលខេត្តតាកែវ។
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានធ្វើការកត់សម្គាល់ និងវាយតម្លៃសភាពការណ៍ ព្រមទាំងភាពជោគជ័យរបស់កម្ពុជា ដោយរក្សាសន្ដិភាព បូរណភាពទឹកដីបានយ៉ាងគត់មុត, ធានាបាននូវសន្ដិសុខផ្ទៃក្នុង និងស្ថាប័នកំពូលៗរបស់ជាតិ, បញ្ចៀសបានអំពើភេរវកម្ម ខណៈបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកមានអំពើភេរវកម្មកើតឡើង រហូតដល់ជាង៣០០លើក មនុស្សស្លាប់ជាង១,០០០នាក់, ការពារសុវត្ថិភាពថ្វាយព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ការពារព្រឹត្តិការណ៍សំខាន់ៗទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ដោយកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ រួមមាន៖
១៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលថ្នាក់ដឹកនាំកំពូលៗ របស់បណ្ដាប្រទេសដទៃមកកម្ពុជា ហើយរៀបចំបានដោយរលូនគ្មានហេតុការណ៍ណាមួយកើតឡើងឡើយ
២៖ ភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេម និងប៉ារ៉ាហ្គេម ដែលធានាបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រតិភូកីឡាទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំដែលអញ្ជើញចូលរួម
៣៖ ភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ព្រឹត្តិការណ៍សង្ក្រាន្ដនៅទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកត់សម្គាល់នូវសមិទ្ធផលការងារសម្រេចបានរយៈពេល៦ខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ រួមមាន៖
១៖ រក្សាបានសន្ដិភាព បូរណភាពទឹកដី
២៖ សន្ដិសុខផ្ទៃក្នុង សុវត្ថិភាពស្ថាប័នកំពូលៗរបស់ជាតិ
៣៖ បញ្ចៀសបានអំពើភេរវកម្ម ខណៈប្រទេសចំនួន៣៦លើពិភពលោក បានកើតមានអំពើភេរវកម្មរហូតដល់ជាង៣០០លើក
៤៖ រក្សាបានសុវត្ថិភាពទាំងស្រុងថ្វាយលើព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ព្រមទាំងការពារព្រឹត្តិការណ៍សំខាន់ៗ ដែលប្រារព្ធឡើងចំនួន៣៥៥៧លើកបានជោគជ័យទាំងស្រុង។
នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញសុខសន្ដិភាព ហើយត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ លើសពីនេះ យកចិត្តទុកដាក់ការប្រមូលផ្ដុំគ្នាតវ៉ាផ្សេង ដូចជាបញ្ហាដីធ្លីជាដើម ដែលមិនត្រូវបណ្ដែតបណ្ដោយ ឬអូសបន្លាយនោះទេ ពោលត្រូវចាត់វិធានការបន្ទាន់ភ្លាមៗ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ ទន់ភ្លន់ ម៉ឺងម៉ាត់ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវការណែនាំមួយចំនួនបន្ថែមទៀត ដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមមាន៖
* គ្រប់គ្រងកម្លាំងទាំងអស់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយត្រូវពិនិត្យមើលសុខទុក្ខ ជម្រកស្នាក់នៅ ការហូបចុក ហ្វឹកហ្វឺន វិន័យកងជួរឲ្យបានត្រឹមត្រូវ និងច្បាស់លាស់
* ពង្រឹងរបៀបរបបការងារ ត្រូវមានរបបប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ
* បែងចែកប្រគល់ភារកិច្ចឲ្យស្នងការរងនីមួយៗ ទទួលតាមការងារជំនាញ ក្នុងនោះមានទាំងស្នងការរងទទួលផែន ទទួលការិយាល័យ និងអធិការដ្ឋាននគរបាលក្រុងស្រុក
* ត្រួតពិនិត្យវត្តមានជាប្រចាំ ដើម្បីតាមដានការបំពេញការងាររបស់កម្លាំង ជៀសវាងការចុះហត្ថលេខាជំនួសគ្នា
* ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព រក្សាការសម្ងាត់ផ្ទៃក្នុង
* ជំរុញគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដែលមាន៧ចំណុច
* ពង្រឹងការងារប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
* ត្រៀមលក្ខណៈកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលដ្ឋដែលរងគ្រោះដោយសារទឹកជំនន់, ជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមសាលារៀន កុំឲ្យមានបញ្ហាកើតឡើង និងបង្កើនកម្លាំងប្រជាការពារ
* រឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ
* ត្រូវពង្រឹងការងារអ្នកនាំពាក្យ ដោយប្រមូលព័ត៌មានពីគ្រប់មជ្ឈដ្ឋានប្រចាំថ្ងៃ ពិសេសពាក់ព័ន្ធការងារនគរបាលក្នុងមូលដ្ឋានខេត្ត ដើម្បីមានវិធានការឆ្លើយតបភ្លាមៗទាន់សភាពការណ៍
* បង្កើនការសហការជាមួយប្រទេសជិតខាង ពោលត្រូវបង្កើតមិត្តភាពជាមួយប្រទេសជិតខាង និងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក៕ដោយ៖តារា