សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាល ពិសេសហុងកុង (HKSAR) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម ផងដែរ។ លោក John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ វិនិយោគិន និងធុរជនហុងកុង នាពេលកន្លងមក។

សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និងធុរកិច្ច និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងដ៏ រឹងមាំរវាងកម្ពុជា-ចិន។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគ នៅកម្ពុជា។

សម្តេចធិបតី និងលោក  John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជា អាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជននិងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាបរបស់កម្ពុជា។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់ រាជរដ្ឋាភិបាលក្នុងការបង្កើត និងបង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print