រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប ឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញក្នុងពិធីបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប ឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ព ជើងអាកាស និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុង ពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទី បំផុតជាមួយក្រុមគ្រួសារអាកាសយានិកចំនួន ២រូប  ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន អាកាសយានិកដ៏ឆ្នើម ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងថា ៖ ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអាកាសយានិកចំនួន ២រូប សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print