ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃសុក្រ ទី២ សីហា ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីចូលរួមសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី ថ្លែងថា ជំរុញឱ្យអ្នកឧកញ៉ានិងក្រុមហ៊ុនដូរលុយជួយសម្រួលការប្រើប្រាស់លុយដុល្លារដាច់ឬរហែកនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់លុយខ្មែរអោយបានច្រើន។
-សម្ដេចធិបតី បានចេញបញ្ជាឱ្យទទួលយកប្រាក់ដុល្លារដែលរហែក ប្រឡាក់ និងដាច់ដោចនៅទូទាំងប្រទេស។ យ៉ាងនេះក្ដីក៏សម្ដេចធិបតីលើកទឹកចិត្តដល់ពលរដ្ឋ និងសាធារណជនទូទៅចូលរួមប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ និងជាអត្តសញ្ញាណជាតិឱ្យបានច្រើនផងដែរ។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាតួអង្គសំខាន់ ហើយ វិស័យឯកជននេះបានជួយជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារ ជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រជាដើម។ មួយវិញទៀតរាជរដ្ឋាភិបាលមិនអាចផ្តល់ការងាររាប់លាននាក់ដល់ ប្រជាជនបានទេ មានតែវិស័យឯកជនប៉ុណ្ណោះដែលបានជួយបង្កើតការងារដល់ពួកគាត់។
-សម្ដេចធិបតី ថ្លែងថា រៀបចំចេញជាប្រព័ន្ធអេឡិចត្រូនិចទាំងអស់តាមព្រលានយន្តហោះស្គេនដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ចំពោះការបង់លុយត្រូវបង់ជាក្រដាសដដែល តាមព្រលានយន្តហោះទាំងបីទាំងការបង់ពន្ធទាំងការដាក់ពាក្យសុំទៅប្រើប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ចាប់ពីថ្ងៃ១ខែ កញ្ញានេះតទៅ។ កម្មវិធីនេះជាកម្មវិធីរបស់ខ្មែរដែលធ្វើដោយខ្មែរខ្លួនឯងដោយមិនបាច់ចំណាយលុយទិញរបស់គេ។
-សម្តេចធិបតី រំពឹងថា បណ្តាធនាគារ និងអាជីវករប្តូរប្រាក់ទាំងអស់នៅ ទូទាំងប្រទេស អនុវត្តន៍ទៅតាមគោលការណ៍របស់ធនាគារជាតិក្នុងការចាយប្រាក់ដុល្លារ ដែលមានសភាព ចាស់ រហែក ឬប្រឡាក់ ដោយមិនត្រូវកាត់ទឹក ហើយសម្តេចបានបញ្ជាឲ្យមានការអនុវត្តន៍គោលការណ៍នេះនៅទូទាំងប្រទេសតែម្តងចាប់ពីថ្ងៃនេះតទៅ។
-សម្ដេចធិបតី ថ្លែងថា ចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៤ តទៅ កម្ពុជានឹងដាក់ឱ្យដំណើរការការបង់ប្រាក់, បង់ពន្ធ និងការដាក់ពាក្យស្នើសុំទិដ្ឋាការ(Visa) នៅព្រលានយន្តហោះទាំងបីរបស់កម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដើម្បីសម្រួលដល់ពលរដ្ឋ និងទេសចរបរទេស។
-សម្ដេចធិបតី ប្រកាសសម្រេចអនុញ្ញាតឱ្យបរទេសនានាថតនៅប្រាសាទក្នុងតំបន់អង្គរ ដោយប្រើប្រាស់សម្លៀកបំពាក់របស់ប្រទេសនោះបាន និងមិនចាំបាច់បង់ប្រាក់នោះទេ ប៉ុន្តែត្រូវប្រើសម្លៀកបំពាក់សមរម្យ មិនសិចស៊ី និងមិនប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរ ហើយការថតនោះក៏មិនមែនដើម្បីបម្រើឱ្យអាជីវកម្មស្វែងរកចំណូលនោះដែរ។
-សម្ដេចធិបតី ប្រកាសសម្រេចអនុញ្ញាតឱ្យពលរដ្ឋទូទៅដែលចង់ថតPre-wedding នៅប្រាសាទក្នុងតំបន់អង្គរ អាចថតបានដោយមិនចាំបាច់បង់ប្រាក់ ប៉ុន្តែត្រូវបំពេញបែប បទឯកសារ ហើយការថតនោះក៏មិនមែនក្នុងគោលបំណង ដើម្បីបម្រើអាជីវកម្មស្វែងរកចំណូលដែរ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការថតប្រាសាទនៅតំបន់អង្គរ ដែលមិនប្រើដើម្បីស្វែងរកចំណូល និងការផលិតព័ត៌មានជាដើម អាចថតបានដោយមិនចាំបាច់បង់ប្រាក់ ប៉ុន្តែត្រូវបំពេញបែបបទឯកសារ។
-សម្ដេចអធិបតី ប្រកាសធានាអះអាងថា រដ្ឋាភិបាលធានាជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណCLV មិនធ្វើឲ្យបាត់បង់ទឹកដីយើងនោះទេ ។ សម្ដេចអះអាងថា កូនចៅនិងខ្លួនសម្ដេចមិនយកសញ្ជាតិបរទេសនោះទេហើយសន្យាថាកូនចៅនិងចៅទួតរបស់សម្ដេចនិងបន្តរស់នៅលើទឹកដីខ្មែរជារៀងរហូត។
-សម្ដេចធិបតី ថ្លែងសំណូមពរដល់ប្រទេសនានា រួមទាំងទូតបរ ទេសប្រចាំនៅកម្ពុជាផងដែរថា សូមកុំចោទរដ្ឋាភិបាលថា ផ្ដាច់ការនៅពេលដែលរដ្ឋាភិបាលចាត់វិធានការចំពោះក្រុមជនដែលចង់បង្កចលាចលក្នុងប្រទេស បង្កអសន្តិសុខក្នុងប្រទេស ដូចករណីនៅបង់ក្លាដែសនោះ។
-សម្ដេចធិបតី ថ្លែងថា ការខិតខំកំណត់ព្រំដែនដែលសល់ពីអាណានិគ មនិយមបារាំង និងកិច្ចខិតខំបោះបង្គោលព្រំដែន គឺដើម្បីកម្ពុជាមានព្រំដែនច្បាស់លាស់ និងការពារបូរណភាពដែនដីខ្មែរឱ្យគង់វង្សយូរអង្វែង។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ពលរដ្ឋ និងសាធារណជនទូទៅសូមធ្វើដំណើរទៅលេងតំបន់ព្រំដែន និងពិនិត្យមើលស្ថានភាពព្រំដែនថាតើមានអ្វីប្លែក? មានការអភិវឌ្ឍអ្វីខ្លះ? រដ្ឋាភិបាលបានការពារព្រំដែនបានកម្រិតណា?
-សម្ដេចធិបតី ថ្លែងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យពល រដ្ឋបានប្រើប្រាស់ និងងាយធ្វើដំណើរ។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលធានាថា មិនឱ្យមានរំហូរដោយសេរីនូវប្រជាជននៃប្រទេសក្បែរខាងចូលមកកម្ពុជា ជាដាច់ខាត ព្រោះយើងមានរបាំងច្បាប់ របាំងអធិបតេយ្យ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ចង់ចូលមកកម្ពុជាត្រូវចូលតាមច្បាប់។
-សម្តេចធិបតី ប្រកាសជាឱឡារឹកថា រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ ទាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណCLV ឬគម្រោងដែលជាប់នឹងព្រំដែនប្រទេសណានោះឡើយ គឺមិនឲ្យបាត់បង់ដីធ្លី និងផលប្រយោជន៍ជាតិនោះឡើយ ហើយអ្នកណារិះគន់ជាសិទ្ធិរបស់ពួកគេ តែកុំជ្រុលនិយមឲ្យសោះ។
-សម្ដេចធិបតី ថ្លែងថា ចាប់ពីឆ្នាំ២០១២ មករដ្ឋាភិបាលមិនមានផ្ដល់ដីសម្បទានថ្មីនោះទេ ជាពិសេសនៅតំបន់ព្រំដែន។ រដ្ឋាភិបាលក៏មិនអនុញ្ញាតឱ្យមានការជួលដីនៅតំ បន់ព្រំដែននោះដែរ។ ចំពោះដីសម្បទានដែលមានកន្លងមក និងមានរយៈពេល ៩៩ ឆ្នាំនោះ ត្រូវបានកែមក ៥០ ឆ្នាំវិញហើយ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា ចំពោះការយកកម្លាំងពលកម្មមកធ្វើការក្នុងតំបន់ដីសម្បទាន គឺត្រូវតែមានខ្មែរ ៩០ ភាគរយ។
-សម្តេចធិបតី ថ្លែងផ្តាំទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្រលាញ់ជាតិ និងស្រលាញ់នូវខេត្តទាំងបួន គឺខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ដែលគេចោទថារាជរដ្ឋាភិបាលកាត់ឲ្យប្រទេសវៀតណាមនោះសូមអញ្ជើញទៅលេងខេត្តទាំងបួននោះឲ្យបានច្រើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចខេត្តទាំងនោះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងថា អំពាវនាវដល់សមាគមឧកញ៉ាទាំងអស់តំរង់ទិសវិនិយោគនៅទិសឥសាន្តដើម្បីឲ្យខេត្តទាំងបួនរីកចម្រើន សូមអញ្ជើញបងប្អូនអញ្ជើញដើរលេងកំសាន្តនិងនិស្សិតទៅស្វែងយល់នៅតាមព្រំដែនដើម្បីជួយតំបន់ខេត្តទាំងបួននេះដើម្បីជួយជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់នោះ។
-សម្ដេចធិបតី ថ្លែងថា ផ្លូវក្រវាត់ព្រំដែននៅតំបន់ខ្លះ យើងធ្វើនៅប្រមាណពី២០ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះពីបង្គោលព្រំដែន ដើម្បីការពារ ព្រមទាំងដើម្បីពលរដ្ឋ និងអ្នកធ្វើដំណើរងាយមើលឃើញបង្គោលព្រំដែន។
-សម្តេចធិបតី ប្រកាសថា នឹងធ្វើផ្លូវទៅកាន់តំបន់កន្ទុយនាគព្រំដែនរវាងកម្ពុជា ឡាវ និងវៀតណាមឲ្យខាងតែបានបើទោះបីត្រូវចំណាយថវិកាអស់ប៉ុន្មានក៏ដោយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទៅលេងកំសាន្តឲ្យបានគ្រប់ៗគ្នា ខណៈបច្ចុប្បន្នតំបន់នេះមានផ្លូវចូលស្រួលតែពីខាង ភាគីវៀតណាមតែប៉ុណ្ណោះ។
-សម្ដេចធិបតី ប្រកាសចេញគោលការណ៍ឱ្យធ្វើផ្លូវទៅតំបន់កន្ទុយនាគចំណុចព្រំដែននៃប្រទេសកម្ពុជា ដើម្បីពលរដ្ឋងាយធ្វើដំណើរទៅកាន់ទីនោះ និងមិនចាំបាច់ចូលពីវៀតណាមទៅតំបន់នោះដូចសព្វថ្ងៃ។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលនឹងដាក់ទិសដៅឆ្នាំ២០២៥ អភិវឌ្ឍខេត្តនៅទិសឦសាន។ សម្ដេច បញ្ជាក់ថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ប្រទេសទាំងបី(CLV-DTA) គ្មានចំណុចណាមួយបង្ហាញពីការកាត់ទឹកដីឱ្យប្រទេសណាមួយនោះឡើយ។
-សម្ដេចធិបតី ថ្លែងថា ខ្ញុំសូមយកអាយុជីវិតប្រពន្ធកូនចៅធានាមិនឱ្យ កម្ពុជាបាត់ទឹកដីទៅប្រទេសក្បែរខាងនោះឡើយ។ សម្ដេច បញ្ជាក់ថា រដ្ឋាភិបាលខិតខំបោះបង្គោលព្រំដែន និងជំរុញការអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក៏ដូចជាការចូលរួមទាក់ទាញវិនិយោគិនបរទេស។ ជាមួយគ្នានេះ តាមរយៈបេសកកម្មចម្បងៗរបស់ សមាគមឧកញ៉ាកម្ពុជា ដែលកន្លងមកនេះបានចូលរួចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕ដោយ៖ស តារា