ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នពេញ នៅថ្ងៃត្រង់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានក្មេងទំនើង០២នាក់ ព្រោះតែខឹងមិត្តភក្តិមិនព្រមដើរលេងជាមួយក្រុមខ្លួន ក៏ធ្វើសកម្មភាពជិះម៉ូតូបន្លំលួចវាយក្បាលមិត្តភក្តិពីក្រោយ តែភ្លេចចាប់អារម្មណ៍ថាមិត្តភក្តិម្នាក់ហ្នឹងមានពាក់មួកសុវត្ថិភាព បណ្តាលឱ្យឈឺដៃខ្លួនឯងមួយទំហឹង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើសកម្មភាពវាយក្បាលគេឈឺដៃខ្លួនឯងហើយ ស្រាប់តែអាណាព្យាបាលជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ កាលពីវេលាម៉ោង១៤:៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាំយកបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការកោរសក់ព្រមាន និងអប់រំធ្វើកិច្ចសន្យាមិនឱ្យមានទង្វើទំនើងដូច្នេះទៀតទៅថ្ងៃក្រោយផងដែរ។
យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈត្រូវឃាត់ម៉ូតូរក្សាទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ដោយ៖តារា