ស្រ្តីមេម៉ាយមានសុខភាពទ្រុឌទ្រោម និងមានជំងឺប្រចាំកាយជាច្រើន បានទទួលការព្យាបាលក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង ក្នុងខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ អ៊ំស្រី ស៊ាង នឿន ជាស្រ្តីមេម៉ាយមានសុខភាពទ្រុឌទ្រោម និងមានជំងឺប្រចាំកាយជាច្រើន បានទទួលការព្យាបាលក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង ក្នុងខេត្តក្រចេះ ។

ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បន្តថា ៖ ខណៈពេលចុះពិនិត្យសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មចំណុះអគ្គបញ្ជាការ នៃកងយោធលខេមរភូមិន្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី បានជួបដោយចៃដន្យជាមួយអ៊ំស្រី ស៊ាង នឿង អាយុ ៦២ឆ្នាំ នៅហាងលក់បាយមួយកន្លែង ជិតផ្សារកាបី នៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលជាស្រី្តមេម៉ាយមានសុខភាពទ្រុឌទ្រោម និងមានជំងឺប្រចាំកាយជាច្រើន ថែមទាំងមានកូន និងចៅៗជាជនពិការទៀតផង ។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី និងលោកស្រីបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ៊ំស្រីមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ព្រមទាំងបានរ៉ាប់រងរាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ហូបចុក ស្នាក់នៅ និងការធ្វើដំណើរ ។

អ៊ំស្រី និងកូន ព្រមចៅៗ បានគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេកប្បការចំពោះទឹកចិត្តដ៏មហាសប្បុរស ក្នុងការជួយឧបត្ថម្ភដល់ការព្យាបាលជំងឺគាត់ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print