មេដឹកនាំបក្សប្រឆាំងបង់ក្លាដែស លោកស្រី Khaleda Zia ត្រូវបានដោះលែងឱ្យមានសេរីភាព

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា លោកស្រី Khaleda Zia ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ដែលជាគូសត្រូវនឹងគ្នាបានលាលែងពីតំណែងនិងរត់ចេញពីប្រទេស។

អ្នកនាំពាក្យគណបក្ស Bangladesh National Party ឬ BNP របស់លោកស្រី Zia បានឱ្យដឹងថា នាពេលនេះ លោកស្រីត្រូវបានដោះលែងហើយ។ ប្រធានាធិបតីបង់ក្លាដែសបានបង្គាប់ឱ្យដោះលែងលោកស្រី Khaleda Zia ខណៈយោធាកំពុងគ្រប់គ្រងប្រទេស ក្រោយការរត់ភៀសខ្លួនរបស់លោកស្រី Hasina កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ក្នុងថ្ងៃដដែលនោះ អគ្គមេបញ្ជាការកងទ័ពជើងគោក លោក Waker-Uz-Zaman បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបង្កើតឡើង។
លោកស្រី Khaleda Zia ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស បានចំនួន២លើក គឺលើកទី១ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ និងម្តងទៀតពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោកស្រី មានសុខភាពមិនល្អប៉ុន្មានឡើយ ហើយបានជាប់ឃុំក្នុងផ្ទះនិងមន្ទីរពេទ្យ ចាប់តាំងពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១៧ឆ្នាំ ពីបទចោទប្រកាន់ពុករលួយ កាលពីឆ្នាំ២០១៨។
មនុស្សសរុបជាង២,០០០នាក់ ត្រូវបានចាប់ខ្លួន និងប្រហែល៤០០នាក់បានស្លាប់ គិតចាប់តាំងពីដើមខែកក្កដាកន្លងទៅ អំឡុងបាតុកម្មនិងអំពើហិង្សា ដែលដំបូងឡើយមានគោលដៅប្រឆាំងតវ៉ាចំពោះប្រព័ន្ធកូតាសម្រាប់ការងាររដ្ឋាភិបាល ហើយក្រោយមកក៏ប្រែក្លាយជាចលនាទាមទារទូទាំងប្រទេស ឱ្យលោកស្រី Hasina ចុះចេញពីអំណាច។ លោកស្រី Hasina បានកាន់តំណែងនាយករដ្ឋមន្រ្តីជាប់រហូតមកតាំងពីឆ្នាំ២០០៩។ កាលពីថ្ងៃចន្ទ លោកស្រីបានលាលែងពីតំណែងនិងភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា៕ ដោយធីរីណា

...

រូបថត​: wion

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print