ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៤ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន២៩រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញ ដំណើរ។
ក្រៅពីណែនាំពីជីវិតរស់នៅបរទេសឃ្លាតពីគ្រួសារ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យជ័យលាភីអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពរបស់ប្រទេសទៅកាន់បរទេស ព្រោះវាជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ជូនមិត្តភក្តិជាជន បរទេសឱ្យស្គាល់ពីកម្ពុជាដែលជាប្រទេសមានវប្បធម៌ ប្រាង្គប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោកល្អឯក និងចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ដើម្បីកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្នុងនាមជាបញ្ញវន្ត។
គួរបញ្ជាក់ផងដែរថា ជំនួបនៅថ្ងៃនេះជាលើកទី៦ ហើយ ដែលលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានជួបសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុនចាប់ ពីឆ្នាំ២០២០មក៕