ភ្នំពេញ៖ នៅវិមាន៧មករា ព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន អនុញ្ញាតឲ្យលោក វ៉ាង វិនពីង (Wang Weinbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរយ៉ាង កក់ក្តៅជូនចំពោះ លោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាបន្ទាប់ពី លោក វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។
ឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឱ្យ លោកនិងសហការី បានចូលជួបសម្ដែងការគួរសមនាព្រឹកនេះ។
ឯកអគ្គរដ្ឋទូតចិនក៏បានកោតសសើរចំពោះការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័យក្នុងរយៈប៉ុន្មានឆ្នាំចុង ក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេស ការពូនជ្រំទំនាក់ទំនង មិត្តភាពយូរអង្វែងកម្ពុជា-ចិន។
ឯកអគ្គរដ្ឋទូតចិនក៏បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា លោកនឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ក្នុងនោះផងដែរលោកក៏ បានអញ្ជើញសម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអនដើម្បី ចូលរួមក្នុងវេទិការ ស្ត្រីកិច្ចសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសានទុង ប្រទេសចិននៅថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ ២០២៤ខាងមុខនេះ។
ជាកិច្ចឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានលើក ឡើងអំពីចំណងមិត្តភាពកម្ពុជា ចិន សម្រាប់ឆ្នាំនេះជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយមិត្តចិន។ ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ បានធ្វើឱ្យទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសទំាងពីររឹងមាំដូចដែកថែប មិនអាចបំបែកបាន។ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចំរើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
សម្តេចកិត្តិសង្គហបណ្ឌិតមានជំនឿយ៉ាងមុតមាំ ចំពោះមិត្តចិនក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា៕