ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកឱ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (DE MONTFORT UNIVERSITY CAMBODIA) ។
សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានកម្រិតស្តង់ដារអន្តរជាតិ ដោយមានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក។
រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមាន ចំណូលខ្ពស់ឆ្នាំ២០៥០៕ដោយ៖តារា