កាលពីថ្ងៃទី 7 ខែសីហា តំណាងអង្គការសហប្រជាជាតិបាននិយាយថា ជាងពាក់កណ្តាលនៃការប្រមូលផលនៅក្នុងប្រទេសហ្ស៊ីមបាវ៉េត្រូវបានបំផ្លាញដោយសារតែគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ដែលបណ្តាលឱ្យមនុស្សប្រហែល 7.6 លាននាក់នៅក្នុងប្រទេសនេះប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ។
លោក Farhan Haq អ្នកនាំពាក្យរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានជូនដំណឹងថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការបានរាយការណ៍ថា ស្ថានភាពសន្តិសុខស្បៀងនៅក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រដែលបណ្តាលមកពី El Nino ។
ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលវិបត្តិអាកាសធាតុ លោកស្រី Reena Ghelani និងជំនួយការកម្មវិធីអាហារពិភពលោក លោកស្រី Valerie Guarnieri ទើបតែបានបញ្ចប់ការស្ទង់មតិរយៈពេលមួយសប្តាហ៍ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ ហើយបានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិបន្ថែមទៀត សម្រាប់ការឆ្លើយតបមនុស្សធម៌។
រដ្ឋាភិបាលហ្ស៊ីមបាវេ៉បានប្រកាសស្ថានភាពគ្រោះមហន្តរាយទូទាំងប្រទេសកាលពីខែមេសាឆ្នាំមុន។ យោងតាមតួលេខចុងក្រោយយ៉ាងហោចណាស់ 57% នៃប្រជាជននៅតំបន់ជនបទរបស់ប្រទេស ឬប្រហែល 5.9 លាននាក់ ត្រូវបានគេរំពឹងថានឹងខ្វះខាតស្បៀងអាហារ។
លោក Haq បានបន្ថែមថា គ្រោះរាំងស្ងួតបានធ្វើឱ្យមានភាពតានតឹងដល់សេដ្ឋកិច្ចរបស់ប្រទេសហ្ស៊ីមបាវ៉េ ដោយកុមារដែលមានអាយុចូលរៀនច្រើនជាង 1 នាក់ក្នុងចំណោម 5 នាក់បានឈប់រៀន ហើយនាំឱ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ។
យោងតាមលោក Haq ខណៈពេលដែលអង្គការសហប្រជាជាតិ និងដៃគូកំពុងបន្តធ្វើការជាមួយរដ្ឋាភិបាលហ្ស៊ីមបាវ៉េ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនោះ ប្រភពជំនួយបានជួបប្រហែល 11% នៃទឹកប្រាក់សរុបចំនួន 429 លានដុល្លារ នេះបើយោងតាមការអំពាវនាវសង្គ្រោះបន្ទាន់ដែលបានចេញកាលពីខែឧសភា គាំទ្រមនុស្សជាង 3 លាននាក់នៅក្នុងប្រទេសនេះ៕ ដោយធីរីណា
រូបថត: Reuters