ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្រុងបាត់ដំបង និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង០០នាទី នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោក ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១៩៧៤គ្រាប់ ។
-កាំភ្លើងចំនួន១ដើមម៉ាកROLO គ្រាប់ចំនួន ២៥គ្រាប់ និងសំបកគ្រាប់ចំនួន០៦ ។
-ទូរសព្ទដៃចំនួន ០៣គ្រឿង ។
-សម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
-រថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ស្លែបិទស្គុតសពាក់ស្លាកលេខភ្នំពេញ2G-7741 ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនខេត្ត ត្រៀមបញ្ជូនខ្លួនជនសង្ស័យខាងលើនេះទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ៖តារា