ខេត្តតាកែវ៖ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានរៀបចំវគ្គការងារផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការទាញយកកម្មវិធីទូរស័ព្ទដៃ (App NoDrug)ជូនដល់ក្រុង ស្រុក មន្ទីរ អង្គភាព ក្រុមយុវជន និងសិស្ស និស្សិត សរុប៣០០នាក់ នៅខេត្តតាកែវ។
ក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំសួរសុខទុក្ខ អរគុណ កោតសសើរ ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមគាំទ្រអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ លើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានបន្តថា ស្ថានភាពគ្រឿងញៀនមិនមានសញ្ញាថមថយទេទាំងក្នុងអនុតំបន់ តំបន់ និងសាកលលោក ឆ្លើយតបបញ្ហានេះ កម្ពុជាបានបន្តដាក់ចេញជាបន្តបន្ទាប់នូវវិធានការ ក៏ដូចជាបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីបង្ការទប់ស្កាត់បង្រ្កាប រាល់សកម្មភាពឈ្មួញដែលតែងតែឆ្លៀតឱកាសលបលួចចរាចរជួញដូរ ផលិតកែឆ្នៃគ្រឿងញៀនគ្រប់រូបភាពដែលនិងសូមជួយផ្សព្វផ្សាយទាញយកApp Nodrug ៖https://nodrugsnacd.com/download មកប្រើប្រាស់ទទួលចំណេះដឹងនិងរាយការណ៍ករណីគ្រឿងញៀនដើម្បីទទួលបានការឆ្លើយតបដោះស្រាយ។
ក្នុងនាមឯកឧត្តម អភិបាលខេត្ត ក្នុងឱកាសនោះដែរ លោក យង់ សុវឌ្ឍនា បានថ្លែងអំណរគុណ ចំពោះកិច្ចសហការពីគ្រប់សមាសភាពទាំងអស់គ្នាចូលរួមឆ្លើយតបនូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាទុក្ខកង្វល់រួមរបស់ប្រជាពលរដ្ឋ។ ហើយលោកបានអំពាវនាវដល់សិស្សានុសិស្ស និស្សិត មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជួយផ្សព្វផ្សាយនិងទាញយក App Nodrug មកប្រើប្រាស់ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាទាញយកឯកសារមេរៀនមកសិក្សាស្រាវជ្រាវ និងសមត្ថកិច្ចទាំងអស់ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោកបីកុំ ៖កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍គ្រប់ករណីគ្រឿងញៀន ហើយត្រូវស្រង់ទិន្នន័យអ្នកញៀនគ្រឿងញៀនឱ្យបានរួចរាល់ត្រឹមដំណាច់ខែសីហាឆ្នាំ២០២៤៕ដោយ៖តារា