ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានចុះរហូតឈានដល់ការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនេីងចំនួន ០៣នាក់ដែលធ្វេីសកម្មភាពកាប់គ្នានៅស្ថានីយ៍ប្រេងPTT កាលពីយប់ថ្ងៃ៥ ខែសីហាថ្មីៗនេះ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ជាក់ស្ដែងយោងតាមបណ្ដឹងនិងកាមេរ៉ាសុវត្ថិភាព បានបង្ហាញកាលពីយប់ថៃ្ងទី០៥ ខែសីហា ឆ្នាំ២០២៤ មានក្រុមជនសង្ស័យមិនស្គាល់អត្ដសញ្ញាណមួយក្រុមបានបេីកឆាកប្រយុទ្ធដេញកាប់ទៅភាគីម្ខាងទៀតដែលកំពុងតែអង្គុយនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT នៅថ្នល់ទទឹង ដោយបានដេញកាប់ដោយកាំបិតផ្គាក់ជាច្រេីនដេីម និងបានកាប់បំផ្លិចបំផ្លាញម៉ូតូភាគីម្ខាងទៀតចំនួន០៤គ្រឿង រួចគេចខ្លួនបាត់ ។
ក្នុងប្រតិបត្តិការនោះ ដោយបានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌស្រាលចុះសហការជាមួយកំលាំងស្រុកសំរោងទង បេីកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមក្មេងទំនើងនិងឃាត់បាន ០៣នាក់ ៖( ១) ឈ្មោះ ជិន សុវណ្ណរាជ ហៅក្រាញ់ ប្រុស ១៦ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង (២) ឈ្មោះ ផល សុភត្រ្តា ហៅត្រា ប្រុស ១៥ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង (៣) ឈ្មោះ ឃី សុខវីន ប្រុស ១៤ឆ្នាំ រស់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើបានឆ្លើយនិងបញ្ជាក់ថាក្រុមខ្លួន មានបក្ខពួកសរុបប្រមាណ០៧នាក់ ជិះម៉ូតូដោយមានកាំបិតផ្គាក់ច្រេីនដេីម ដាក់តាមម៉ូតូ បានធ្វេីសកម្មភាពដេញកាប់ក្រុមម្ខាងទៀតដែលជាគូរសត្រូវ ពេលធ្វេីសកម្មភាពរួចក្រុមខ្លួនបានជិះម៉ូតូគេចខ្លួនភ្លាមៗ ។
ដោយមានការយកចិត្ដទុកដាក់និងការបញ្ជាដឹកនាំច្បាស់ កិច្ចសហការល្អ កកម្លាំងនគរបាលស្រុកសំរោងទង និងជំនាញព្រហ្មទណ្ឌស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនមុខសញ្ញាសង្ស័យជាក្រុមជនដៃដល់ និងបក្ខពួកមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចំណាត់ការនីតិវិធីបន្ដ៕ដោយ៖តារា