សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានសម្រេចលុបចោលគម្រោងបំពេញទស្សនកិច្ចមួយ ចេញទៅកាន់តំបន់អាស៉ីកណ្តាល បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ប្រទេសអាស៉ីខាងកើតមួយនេះ គួរតែត្រៀមលក្ខណៈសម្រាប់លទ្ធភាពដែលកើនឡើង នៃគ្រោះរញ្ជួយដីដ៏ធំមួយ ក្នុងកម្រិតហៅថា «megaquake»។
ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានចេញការព្រមានដូចខាងលើកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយមនុស្សចំនួន៨នាក់បានរងរបួស បន្ទាប់ពីមានការវាយប្រហារ ដោយគ្រោះរញ្ជួយដីធំៗ២ផ្ទួនគ្នា គឺកម្រិត៦.៩រ៉ិចទ័រ និង៧.១រ៉ិចទ័រ នៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងប្រទេស។
បើតាមផែនការគ្រោងទុក លោក Kishida ត្រូវធ្វើទស្សនកិច្ចទៅកាន់ ប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងម៉ុងហ្គោលី ហើយក៏បានគ្រោងចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយផងដែរ។ យ៉ាងណាមិញ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ក្នុងនាមជានាយករដ្ឋមន្រ្តី ដែលមានការទទួលខុសត្រូវខ្ពស់បំផុតសម្រាប់ការងារគ្រប់គ្រងវិបត្តិ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំគួរស្ថិតនៅក្នុងប្រទេស យ៉ាងហោច១សប្តាហ៍សិន»។
ទីភ្នាក់ងារ JMA បាននិយាយថា លទ្ធភាពនៃគ្រោះរញ្ជួយដីកម្រិតដ៏ធ្ងន់បំផុតមួយ នាពេលនេះគឺខ្ពស់ជាងធម្មតា ប៉ុន្តែមិនមែនជាសញ្ញាបង្ហាញថា វានឹងកើតមានឡើងប្រាកដតែម្តងឡើយ។ ពីមុនមករដ្ឋាភិបាលជប៉ុន ធ្លាប់បាននិយាយថា គ្រោះរញ្ជួយដីកម្រិត megaquake គឺ៨ទៅ៩រ៉ិចទ័រ មានលទ្ធភាពប្រហែល៧០-៨០ភាគរយ នឹងកើតឡើងក្នុងចន្លោះពេល៣០ឆ្នាំខាងមុខ។
កាលពីពេលឆ្លងឆ្នាំសកលកន្លងទៅ គ្រោះរញ្ជួយដីមួយកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារចំឧបទ្វីប Noto របស់ជប៉ុន ជាហេតុបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតយ៉ាងហោច៣១៨នាក់ ព្រមជាមួយអគារជាច្រើនត្រូវដួលរលំ។ ដោយឡែក កាលពីឆ្នាំ២០១១វិញ មហាគ្រោះរញ្ជួយដីក្រោមបាតុសមុទ្រ ដែលមានកម្រិតរហូតដល់៩.០រ៉ិចទ័រ បានវាយប្រហារក្បែរភាគឦសាននៃប្រទេសជប៉ុន ហើយបង្កជារលកយក្សស៊ូណាមិ ដែលបានធ្វើឱ្យមនុស្សសរុបប្រមាណ ១៨,៥០០នាក់ស្លាប់ ឬបាត់ខ្លួន។ មិនតែប៉ុណ្ណោះ វាក៏បានបំផ្លាញរ៉េអាក់ទ័រចំនួន៣ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ផងដែរ ដែលជាមហន្តរាយនុយក្លេអ៊ែរធ្ងន់ធ្ងរបំផុត គិតចាប់តាំងពីមហន្តរាយនុយក្លេអ៊ែរ Chernobyl នៅអតីតសហភាពសូវៀត៕ ដោយធីរីណា