តំបន់ទេសចរណ៍ «ភ្នំទឹកធំ» មានវារីរុក្ខជាតិ រំចង់ដែលរីកផ្កាបង្ហាញពណ៌ យ៉ាងស្រស់ឆើតឆាយ រំលេចចេញជាទេសភាពគួរជាទីគយគន់

ចែករំលែក៖

ខេត្តកំពត ៖ តំបន់ទេសចរណ៍  «ភ្នំទឹកធំ» ស្ថិតនៅជាប់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

សូមជម្រាបជូនថា ៖ ភ្នំ ទឹក ជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងដែលមានភូមិសាស្ត្រនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ភ្នំទឹក មានទំហំសរុបជាង ៦០០ ហិចតា និងមាន ចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រ ពីភាគខាងកើតនៃទីរួមខេត្តកំពត។

នៅទីនោះ គឺហ៊ុមព័ទ្ធទៅដោយបឹងដែលមានវារីរុក្ខជាតិ រំចង់ដែលរីកផ្កាបង្ហាញពណ៌ យ៉ាងស្រស់ឆើតឆាយ រំលេចចេញជាទេសភាពគួរជាទីគយគន់។ ជាពិសេស ភ្នំទឹកមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ សម្រាប់ការជិះទូកនេះ ពុំទាន់មានការកំណត់តម្លៃនៅឡើយទេ ព្រោះជាទូករបស់អ្នកស្រុកនៅតំបន់នោះផ្ទាល់ ជួយចម្លងភ្ញៀវចូលទៅក្នុងល្អាងដូច្នេះយើងអាចជូនកម្រៃដល់គាត់ទៅតាមលទ្ធភាពជាក់ស្តែង។

ដ្បិតថានៅទីនោះមានទេសភាពស្រស់ស្អាត ខ្យល់អាកាសដ៏បរិសុទ្ធ ជាពិសេសមានផ្លូវធ្វើដំណើរយ៉ាងងាយស្រួលក្តី ប៉ុន្តែតំបន់ភ្នំទឹកនេះ នៅមិនទាន់ មានគេស្គាល់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុន្មាននោះទេ ដោយគេសង្កេត ឃើញសម្បូរតែភ្ញៀវបរទេសដែលតែងតែទៅលេងកម្សាន្ត និងថតរូបលេង។

យ៉ាងណា គួរជម្រាបថាដើម្បីទៅដល់ទិសដៅទេសចរណ៍ដ៏ល្អឯកមួយនេះ គេអាច ធ្វើដំណើរទៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដល់ត្រង់ចំណុចរង្វង់មូលជិត ប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ព្រែកចាក ត្រូវ បត់ឆ្វេងចូលតាមផ្លូវលំ អមសងខាងដោយវាលស្រែប្រហែល ១១ គីឡូម៉ែត្រទៀត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print