ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្តចុះកិច្ចប្រតិបត្តិការបង្រ្កាបក្មេងស្ទាវជិះម៉ូតូបំពង់ស៊ីម៉ាំងប្រែន (កែច្នៃខុសបច្ចេកទេស) យកមកអប់រំណែនាំតាមនីតិវិធី។
ប្រភពដដែលបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាបក្មេងស្ទាវដែលបានកែច្នៃស៊ីម៉ាំងបំពង់សំឡេង ធ្វេីឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងរំខានការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលសមាសភាពទាំងអស់នេះបានធ្វើសកម្មភាពជិះនៅលើផ្លូវព្រះនរោត្តម និងតាមបណ្តាលផ្លូវផ្សេងៗទៀតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។
ជាលទ្ធផល បង្រ្កាបបានម៉ូតូស៊ីម៉ាំងប្រែន (ចំនួន០៤គ្រឿង) យកមករក្សាទុក និងបានអញ្ជើញឪពុកម្តាយអាណាព្យាបាលមកធានា ដោយឱ្យសាម៉ីខ្លួន យកស៊ីម៉ាំងដើម(មកប្តូរ) បានធ្វើការអប់រំ ធ្វើការកិច្ចសន្យា និងបានប្រគល់ម៉ូតូខាងលើឱ្យសាម៉ីខ្លួនយកទៅប្រើប្រាស់វិញ។
គួរបញ្ជាក់ថា ទិសដៅបន្ត អធិការដ្ឋានបានកំពុងជំរុញការខិតខំ និងបង្ការទប់ស្កាតក្មេងទំនើង ក៏ដូចជាបន្តបង្រ្កាបម៉ូតូស៊ីម៉ាំងប្រែនជាប់ជាប្រចាំ៕ដោយ៖តារា