ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMA) បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះថា៖ ការពង្រឹងភាពម្ចាស់ការលេីសមត្ថភាពខែ្មរធ្វេីបាន! បច្ចុប្បន្ននេះអង្គភាពសុីម៉ាក់ អាចបង្កាត់ពូជសុនខ ជ្រេីសរេីសហ្វឹកហ្វឺនសុនខ អ្នកកាន់សុនខច្រេីនជំនាញដូចជាសុនខហិតមីន សុនខហិតអាវុធជាតិផ្ទុះ សុនខសន្តិសុខ និងសុនខប្រឆាំងគ្រឿងញៀន…..ជាដេីម! ។
គួររម្លឹកថា កាលពីនៅដើមឆ្នាំ២០២៤នេះ អគ្គនាយកស៊ីម៉ាក់ បាន«អបអរសាទរអ្នកបន្តវេនសុនខហិតមីន » ខណៈមេសុនខចំនួន២ក្បាល បានកើតកូនសុនខចំនួន១៧ក្បាល ជាមួយសុខភាពល្អ ដោយមានការជួយគ្រប់គ្រងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ។
ជាក់ស្ដែងលោក ហេង រតនា បានបញ្ជាក់លើហ្វេសប៊ុក កាលពីថ្ងៃទី២ មករាកន្លងទៅនេះថា៖«កូនសត្វសុនខ ដែលទើបនឹងកើតនេះ នឹងក្លាយជាអ្នកបន្តវេនសុនខហិតមីន។ យើងនឹងជ្រើសរើសសុនខទាំងនោះ ដោយឆ្លងកាត់តាមការហ្វឹកហ្វឺន ប៉ុន្តែមិនដឹងថា សុនខប៉ុន្មានក្បាលនឹងជាប់នោះឡើយ ព្រោះបច្ចុប្បន្នសុនខទាំងនោះនៅតូចៗឡើយ។ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺន រយៈពេល ៦ទៅ៧ខែ យើងនឹងយកវាទៅតេស្តសាកល្បង»។
លោកអគ្គនាយករូបនេះ បានបន្ថែមថា នឹងមានសុនខ៤ក្បាលទៀត ត្រៀមកើតកូន ដែលអាចក្លាយអ្នកបន្តវេនហិតមីនទៀត។ «នេះជាការប្រែប្រួល ក្នុងការពង្រឹងភាពជាម្ចាស់ នៃការបង្កាត់ ជំនាញវិជ្ជាជីវៈដោយមិនពឹងផ្អែកលើអ្នកជំនាញបរទេសទៀតនោះទេ។ នេះជាមោទកភាពមួយ និងជាផ្នែកមួយក្នុងការកាត់បន្ថែមកការចំណាយដ៏ច្រើន លើការបំពាក់សម្ភារៈបច្ចេកទេស ជំនាញកំចាត់មីន បោសសម្អាតសំណល់ជាតិផ្ទុះនៅក្នុងប្រទេស»។
ដើម្បីក្លាយជាអ្នកជំនាញហិតមីន សត្វសុនខ ត្រូវហ្វឹកហាត់ថ្នាក់ចំណេះដឹងមូលដ្ឋានរយៈពេល ៦ទៅ៩ខែ។ ក្រោយមក សុនខទាំងនោះ ត្រូវហាត់ជំនាញបច្ចេកទេស ពី៣ ខែទៅ៦ បន្តទៀត។
លោកអគ្គនាយកស៉ីម៉ាក់ បានបន្តថា ការជ្រើសរើសពូជសត្វសុនខនៅកម្ពុជា ដើម្បីហ្វឹកហ្វឺន គឺមានភាពធន់ល្អ បើប្រៀបធៀបនឹងពូជសុនខ នាំចូលពីបរទេស។ ដោយឡែក ពូជសត្វសុនខ ដែលនាំចូលមួយចំនួននោះ ក៏វិវត្តខ្លួនបានយ៉ាងល្អប្រសើរដូចគ្នា។ នាពេលបច្ចុប្បន្ន សត្វសុនខ ដែលមានជំនាញហិតមីន មានជាង ៣០០ក្បាល៕ដោយ៖តារា