ភ្នំពេញ ៖ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២)។
ពិធីកាត់វិញ្ញាសានេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ការប្រឡងប្រជែងនារសៀលនេះ មានការបែងចែកចេញជា ២វគ្គ៖
វគ្គទី១ វិញ្ញាសាជំនាញគណិតវិទ្យា ដែលនឹងចាប់ផ្តើមនៅម៉ោង ១២:៣០នាទី ។
និងវគ្គទី២ វិញ្ញាសាជំនាញអក្សរសាស្ត្រខ្មែរ ដែលនឹងចាប់ផ្តើមនៅម៉ោង ១៥:៣០នាទី។ បេក្ខជន ៤,៣២១នាក់ ត្រូវបានបែងចែកជា ២មណ្ឌល៖ មណ្ឌលទី១ សាលាភូមិន្ទរដ្ឋបាល មានបេក្ខជន ១,០០០នាក់ (ស្រី ៦៥៦នាក់) និងមណ្ឌលទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជន ៣,៣២១នាក់ (ស្រី ២,១៧១នាក់) ៕