អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា៖ ថ្ងៃទី១២ ខែសីហា នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីករណីដែលជនស៊ីវិលជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងរបួសដោយសារប្រតិបត្តិការយោធារបស់អុីស្រាអែលនៅតំបន់ហ្កាហ្សា ហើយអំពាវនាវយ៉ាងខ្លាំងក្លាឱ្យអុីស្រាអែល
បញ្ឈប់ការបាញ់គ្នានិងបញ្ចប់សង្គ្រាមភ្លាមៗ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូអ៊ិស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែសីហាថា កងទ័ពអុីស្រាអែលបានទម្លាក់គ្រាប់បែកលើសាលារៀនមួយខ្នងក្នុងទីក្រុងហ្កាហ្សានៅព្រឹកថ្ងៃដដែល បណ្តាលឱ្យមនុស្សចំនួនជាង១០០នាក់ស្លាប់បាត់បង់ជីវិតនិងរាប់សិបនាក់ទៀតរងរបួស។
គេហទំព័រ «CCFR China state-controlled media » សរសេរថា ៖ លោក Lin Jian បានថ្លែងបន្តថា យើងថ្កោលទោសរាល់ទង្វើដែលបង្កអន្តរាយដល់ជនស៊ីវិល ប្រឆាំងទង្វើរំលោភច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវយ៉ាងទទូចឱ្យអុីស្រាអែលស្តាប់ការអំពាវនាវរបស់សហគមន៍អន្តរជាតិដោយយកចិត្តទុកដាក់ ហើយបញ្ឈប់ការបាញ់គ្នានិងបញ្ចប់សង្គ្រាមភ្លាមៗ ដើម្បីខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការការពារជនស៊ីវិល និងជៀសវាងការកើនឡើងនៃភាពតានតឹងក្នុងតំបន់៕
ដោយ ៖ សិលា