កម្លាំងចម្រុះបង្រ្កាប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន ៥ករណី ដកហូតឈ្នាងអូសលៀស-ខ្ចៅចំនួន ៨គ្រឿង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងសហការី លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី កម្លាំងទីបញ្ជាការស្រាល សហគមន៍នេសាទពាងបាង សហគមន៍នេសាទផាត់សណ្តាយ កាលពីម្សិលមិញនេះ​ បានបន្តចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តសៀមរាប។

លោកអនុរដ្ឋលេខាធិការ​ បានបញ្ជាក់ថា នៅខេត្តកំពង់ធំ ក្រុមការងារបានល្បាតពីចំណុចបាឡត រហូតដល់ចំណុចកំព្រាម ក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង និងពីចំណុចផ្សោត ដល់ចំណុចកោះតាបរ ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងខេត្តសៀមរាប នៅចំណុចជ្រោយស និងចំណុចមាត់ខ្លា ក្នុងភូមិសាស្រ្តឃុំអន្លង់សំណរ ស្រុកជីក្រែង។ បន្ថែមពីនេះ កម្លាំងចម្រុះក៏បានចុះពិនិត្យស្ថានភាពកន្លែងអភិរក្សជលផលទន្លេឆ្មារ កន្លែងអភិរក្សជលផលបាឡត (អតីតឡូត៍នេសាទលេខ៤) និងកន្លែងអភិក្សជលផលព្រែកខ្សាច់ (អតីតឡូត៍លេខ២)។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានបង្រ្កាប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងចំនួន ៥ករណី ដោយបានដកហូតឈ្នាងអូសលៀស-ខ្ចៅអូសដោយកម្លាំងម៉ាស៊ីនក្នុងរដូវបិទនេសាទចំនួន ៨គ្រឿង របាំងសាច់អួនក្រឡាញឹក ១៤របាំង ប្រវែងប្រមាណ ៥ ២០០ម៉ែត្រ លូសាច់អួនក្រឡាញឹកចំនួន ៣៤មាត់ ឡុកចំនួន ២៧គ្រឿង បង្គោលចម្រឹងចំនួន ២ ៦៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ ២៥០គីឡូក្រាម។

...

អនុរដ្ឋលេខាធិការរូបនេះ​ បានគូសបញ្ជាក់ថា ក្រុមការងារនឹងបន្តអនុវត្តការងារនេះពេញមួយសប្តាហ៍ជាប់គ្នា ក្នុងគោលបំណងទប់ស្កាត់បទល្មើសជលផលដែលបង្កមហន្តរាយដល់មច្ឆជាតិធម្មជាតិ ក៏ដូចជា ជីវចម្រុះគ្រប់ប្រភេទដែលកំពុងពងកូន និងចល័តទីនារដូវទឹកតម្លើង ពោលគឺរដូវបិទនេសាទ។ តាមការពិនិត្យជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសជលផល ក្រុមការងារសង្កេតឃើញថា កូនត្រីប្រានិងត្រីពោ មានកំណើនច្រើនជាងឆ្នាំមុនផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print