ខេត្តបាត់ដំបង៖ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៤១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយជនត្រូវចោទចំនួនពីរក្រុម មានគ្នា១៣នាក់។ ក្នុងនោះឃាត់ខ្លួនបាន៩នាក់ រួមមាន ១.ឈ្មោះ នី វាសនា ហៅ ដាំ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ បឿន បុណ្ណារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ៣.ឈ្មោះ យ័ន វិរៈ ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះ លី ប៊ុនល័ក្ខ ភេទប្រុស អាយុ១៥ឆ្នាំ ៥.ឈ្មោះ ស ឈីត ភេទប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះ ហួយ សីហា ហៅ វី ភេទប្រុស អាយុ២០ឆ្នាំ ៧.ឈ្មោះ ជ័រ ណាត ហៅ វីន ភេទប្រុស អាយុ១៦ឆ្នាំ ៨.ឈ្មោះ ឈិត វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ និង៩.ឈ្មោះ យើង ស៊ីយៀន ភេទប្រុស អាយុ១៨ឆ្នាំ។ ជនត្រូវចោទដែលរត់គេចខ្លួនមានឈ្មោះ ១.ឈ្មោះ ឈួន រតនៈ ២.ឈ្មោះ រើន និងបក្ខពួកពីរនាក់។
ជនត្រូវចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ ប្រើអាវុធ និងប្រព្រឹត្តដោយសហចារី (ទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចក្រុមទី២ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា២១៨ ចំណុច២ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទាំងពីរក្រុម ដោយមួយក្រុមមានគ្នា៦នាក់ និងមួយក្រុមទៀតមានគ្នា៧នាក់ បានធ្វើ សកម្មភាពយកមួកសុវត្ថិភាពវាយគ្នា ប្រើកាំបិតដេញកាប់ និងយកដុំថ្មគប់លើគ្នាទៅវិញទៅមក បណ្តាលឱ្យ ជនត្រូវចោទឈ្មោះ ឈិត វណ្ណា រងរបួសស្មា និងក្បាល ចំណែកឯឈ្មោះ នី វាសនា រងរបួសដៃខាងស្តាំ មូលហេតុ ដែលនាំឱ្យមានការប្រព្រឹត្តអំពើហិង្សានេះបណ្តាលមកពីជនត្រូវចោទទាំងពីរក្រុមមានទំនាស់ពាក្យសម្តីគ្នា។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងនានា និងពិចារណាអំពីមូលហេតុនៃការឃុំខ្លួន រួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៩នាក់ខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធី។ ដោយឡែកជនត្រូវចោទផ្សេងទៀត ចៅក្រមស៊ើបសួរបានកំពុងបន្តចំណាត់ការស៊ើបសួរ តាមនីតិវិធីច្បាប់។
ចំពោះសកម្មភាពប្រព្រឹត្តរបស់ក្រុមក្មេងទំនើង ដែលបង្កឱ្យរងរបួសដល់រូបកាយជនរងគ្រោះ ប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យវឹកវរដល់សង្គមជាតិ តុលាការនឹង អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕ដោយ៖តារា