ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាទស្សនកិច្ចវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំក្រុម ការ ងារចុះទស្សនកិច្ចនៅ វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្ស។

តាងនាមក្រសួងអប់រំ យុវជននិងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រង និង លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ដើម្បីផ្តល់នូវសេវាអប់រំមួយដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់សិស្សានុសិស្ស ជាពិសេសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់សិស្ស ដោយអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការកើនឡើងជាលំដាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលអត្រាជាប់បានកើនឡើងរហូត ដល់ ៩២% និងសិស្សដែលទទួលបាននិទ្ទេស A,B និង C បានកើនឡើងពី ១៧,៣៥% ទៅ ៣២,៩%។

ទន្ទឹមនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការសម្រេចបាននូវស្តង់ដាសាលារៀនគំរូ ត្រូវមានការចូលរួមពីកត្តា៤សំខាន់ ដែលក្នុងនោះរួមមាន៖ 

(១). កត្តាសាលារៀន៖ មានហេដ្ឋារចនាសម្ព័ន្ធល្អ ផាសុកភាពខ្ពស់

(២). កត្តាគ្រូបង្រៀន៖ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន និងស្វែងរកនូវ ដំណោះស្រាយ និងវិធីសាស្ត្របង្រៀនៗផ្សេងៗឱ្យសិស្សានុសិស្ស

(៣). កត្តាសិស្សានុសិស្ស៖ មានភាពឧស្សាហ៍ព្យាយាមបំពេញកិច្ចការសាលា ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជាមូលធនមនុស្សសម្រាប់ប្រទេសជាតិនាពេលអនាគត។

(៤). កត្តាមាតាបិតា អ្នកអាណាព្យាបាល៖ ការគាំទ្រ និងទំនុកចិត្តទៅលើវិស័យអប់រំពីមាតាបិតា អ្នកអាណាព្យាបាល គឺមានសារៈសំខាន់ខ្ពស់ក្នុងដំណើរសិក្សារបស់គ្រប់សិស្សានុសិស្សទាំងអស់។ 

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កំណែទម្រង់គ្រូបង្រៀននៅតែជា អាទិភាពសំខាន់សម្រាប់កម្ពុជា។ កំណែទម្រង់ការអប់រំគ្រូបង្រៀន និងការអនុវត្តគោលនយោបាយគ្រូបង្រៀន គឺជាអាទិភាពចម្បងមួយនៃកំណែទម្រង់វិស័យអប់រំ ដោយក្រសួងបាន និងកំពុងបន្តដំឡើងប្រាក់បៀវត្សគ្រូបង្រៀន ក៏ដូចជាពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយបន្តពង្រឹងការប្រឡងចូលគ្រូ ការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ដែលជាផ្នែកមួយនៃកំណែទម្រង់សាលាគរុកោសល្យ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។

ជាថ្មីម្តងទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលរបស់វិទ្យាល័យ ដែលបានសម្រេចនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍គុណភាពអប់រំក្នុងប្រទេសកម្ពុជា ជា ពិសេសប្រែក្លាយសាលារៀន ហ៊ុន សែន មណ្ឌលគិរី ឱ្យទៅជាសាលារៀនគំរូនាពេលខាងមុខ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print