ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា កន្លងទៅថ្មីៗនេះ, មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុង ស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្រសួងយុត្តិធម៌បានតាមដានករណីនេះ ដោយយកចិត្ត ទុកដាក់ និងចុងក្រោយនេះ, សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាក្តាប់បានយ៉ាងច្បាស់លាស់នូវភស្តុតាង ដែល បង្ហាញថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែ គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើ បាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូន អំពីទិដ្ឋភាពច្បាប់ ដែលត្រូវអនុវត្តចំពោះករណីផែនការបដិវត្តន៍ពណ៌ខាងលើ ជាពិសេស ចំពោះមេខ្លោងដឹកនាំ អនុវត្តផែនការនេះ ដូចតទៅ ៖
ទី១-ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវ ដាក់ពន្ធនាគារអស់មួយជីវិត។
ទី២-ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់
ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការឈានទៅ
បង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទី៣- ផែនការនៃការប្រឆាំងនឹងសន្តិសុខជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម និង បទប្បញ្ញត្តិជាធរមាន អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។
ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំដល់ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត និងតឹងរ៉ឹងបំផុតចំពោះ ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម និង វិបុលភាពរបស់ប្រទេសជាតិ ដោយដាច់ខាតមិនត្រូវអនុញ្ញាតឱ្យកម្លាំងនៃក្រុមនយោបាយជ្រុលនិយមណាមួយ មកបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏សូមឆ្លៀតយកឱកាសនេះអំពាវនាវជូនដល់ជនរួមជាតិ សូមកុំចាញ់ ឧបាយកលបោកបញ្ឆោតរបស់មេខ្លោងនៃចលនាបដិវត្តន៍ពណ៌ដែលជាឧក្រិដ្ឋជនប្រឆាំងនឹងសន្តិសុខជាតិ ដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួម ប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ច ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម និងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជានៅទូទាំង ប្រទេស ជាពិសេស សហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឱ្យមានប្រសិទ្ធភាព៕