ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលបានដំណើរការ រយៈពេល២ថ្ងៃ ក្រោមកិច្ចដឹកនាំលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ អង្គការអន្តរ ជាតិ និង ICC.Angkor ព្រមទាំងអស់លោក លោកស្រីមន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ កាលពីម្សិលមិញនេះ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន៤០០នាក់ចូលរួម ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការគ្រប់ គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) នៅខេត្តសៀមរាប នៅនេះថា នៅក្នុងរយៈពេល២ថ្ងៃនេះ យើងទទួលបានសំណូមពរ និងយោបល់ជាច្រើនពីបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) ។ លោកឧបនាយករដ្ឋមន្ត្រី បានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ឱ្យទទួលបានផលប្រយោជន៍ជាមួយជីវភាពប្រសើរផង និង ការពារបាននូវប្រាសាទបុរាណនានាដែលជាកេរ្តិ៍ដំណែល របស់ដូនតាខ្មែរឱ្យបានគង់វង្ស និងមានតម្លៃលេចធ្លោជាសកលនៅលើពិភពលោកផងដែរ។ ដោយបច្ចុប្បន្ននេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺតែងតែអនុវត្តន៍ច្បាប់ជាប្រចាំ។
លោក សាយ សំអាល់ បានបញ្ជាក់ថា លោកទទួលស្គាល់ថាការៀបចំ ដើម្បីការពាររមណីយដ្ឋានអង្គរ គឺមានបញ្ហាជាច្រើនជាមួយនិងប្រជាពលរដ្ឋខ្លះ ដែលរស់នៅក្នុងតំបន់ការពារទាំងនោះ ក៏ប៉ុន្តែទោះបីជាយ៉ាងណា គឺត្រូវតែការពារប្រាសាទបុរាណទាំងឡាយ ដែលជាកេរ្តិ៍មត៌ដូនតាខ្មែរ ដែលជាដួងព្រលឹងជាតិឱ្យបានគង់វង្សបានយូរអង្វែង និងមានសោភ័ណភាព។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសុំពេលវេលាមួយរយៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ផង ហើយកិច្ចការពារតំបន់អង្គរឱ្យមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ការរុករានដីធ្លីនិងការរីករាលដាលនៃសំណង់ខុសច្បាប់ ក្នុងតំបន់ការពារបេតិកភណ្ឌរបស់ពិភពលោក បានដោយជោគជ័យផង ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យហ្មត់ចត់ និង គ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ ក្រោយផងដែរ ។ នេះគឺជាជំហរដ៏ច្បាស់លាស់ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋាន អង្គរជាបន្តបន្ទាប់ទៅតាមដំណាក់កាល៕ដោយ៖តារា