ខេត្តរតនគិរី៖ ខេត្តរតនគិរី គឺជាខេត្តទី៩ ដែលទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយបានប្រកាសទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីធ្លានៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ។
គូសរំលេចផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន៤ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ឱ្យបានជោគជ័យ ព្រមទាំងសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានដែលប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមមាន៖ (១) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (២) ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង(៤) ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ ។ អាទិភាពទាំង ៤ ខាងលើនេះ គឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឲ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងគោលដៅច្បាស់លាស់ ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ឱ្យបានអត្រាគ្របដណ្តប់ ១០០% នៅទូទាំងប្រទេស ក្នុងឆ្នាំ២០៣០ ។
បន្ថែមពីលើខេត្តរតនគិរី ជាខេត្តទី៩ ដែលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កន្លងមក ក៏មានខេត្តចំនួន៨ផ្សេងទៀតផងដែរ រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ៕ដោយ៖តារា