អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ១៣ខែសីហា លោក Hideo Shimizu ដែលមានអាយុ ៩៤ ឆ្នាំ ជាអតីតទាហាននៃកងទ័ព ៧៣១របស់ជប៉ុនដែលចូលឈ្លានពានប្រទេសចិនបានធ្វើដំណើរទៅកាន់សារមន្ទីរភស្តុតាងឧក្រិដ្ឋកម្មរបស់កងទ័ព៧៣១ជប៉ុន នៅក្រុង Harbin ដើម្បី បញ្ជាក់ពីឧក្រិដ្ឋកម្មរបស់កងទ័ព៧៣១ជប៉ុន ។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃដដែលនោះថា ប្រទេសចិនកោតសរសើរចំពោះភាពក្លាហានរបស់លោក Hideo Shimizu ក្នុងការលាតត្រដាង និងប្រឈមមុខនឹងការពិតនៃប្រវត្តិសាស្ត្រ ប្រទេសជប៉ុនគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះសំឡេងសច្ចធម៌ទាំងក្នុងនិងក្រៅប្រទេស យល់ដឹងដោយត្រឹមត្រូវ និងគិតពិចារណាយ៉ាងស៊ីជម្រៅលើប្រវត្តិសាស្រ្តឈ្លានពានរបស់យោធានិយមជប៉ុន។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Lin Jian បានលើកឡើងថា ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ កងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិនបានបំពានច្បាប់អន្តរជាតិយ៉ាងកម្រោល ដោយបានបំផុសសង្រ្គាមមេរោគដ៏សាហាវព្រៃផ្សៃចំពោះប្រជាជនចិន និងបានធ្វើការពិសោធលើមនុស្សរស់យ៉ាងអមនុស្សធម៌។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ការពិតដែលយោធានិយមជប៉ុនបានបំផុសសង្គ្រាមមេរោគគឺមិនអាចប្រកែកបានទេ ហើយក៏មិនអាចបដិសេធបានឡើយ ៕
ដោយ ៖ សិលា