ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពី អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ តំណាងមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់។
តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលត្រូវបំពាក់គ្រឿង ឥស្សរិយយសនៅថ្ងៃនេះ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ប្រឹងប្រែងអស់ កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់ជូននូវការអប់រំប្រកបដោយគុណភាព និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះវឌ្ឍនភាពដ៏សម្បូរបែបរបស់ខេត្តរតនគិរី ដែលមានសន្ទុះលឿនក្នុងការអភិវឌ្ឍ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេសគឺការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ និងសក្ដានុពលផ្នែកដំណាំកសិឧស្សាហកម្ម ដូចជា ដំណាំកៅស៊ូ ចេក ស្វាយចន្ទីជាដើម។
ទន្ទឹមនឹងនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន គឺដើម្បីធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមធម៌ និងបរិយាបន្ន ដែលផ្តល់ឱកាសឱ្យជនជាតិដើមភាគតិចទទួលបានផ្លែផ្កានៃការអភិវឌ្ឍផងដែរ។ ក្នុងន័យនេះ មានតែការអភិវឌ្ឍទេ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារព្រំដែន និងបូរណភាពដែនដី ហើយតាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសជិតខាង ក៏នឹងជួយឱ្យប្រជាជនយើងអាចកែលម្អជីវភាពរស់នៅ ព្រមទាំងចំណេះដឹងដែរ។
ជាការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងបរិយាបន្ន រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ជូននូវការអប់រំពហុភាសាសម្រាប់ជនជាតិដើមភាគតិច នៅខេត្តចំនួន៤ ខេត្តមណ្ឌលគិរី,រតនគិរី,ស្ទឹងត្រែង និងក្រចេះ ដែលនេះគឺជាស្ពានចម្លងមួយអាចឱ្យបងប្អូនជនជាតិដើមភាគ តិច ទទួលបានការអប់រំប្រកបដោយគុណភាព ដើម្បីឈានទៅអភិវឌ្ឍសហគមន៍របស់ពួកគេ។
ក្រសួងមានគោលដៅ ជំរុញឱ្យមានការបង្រៀនពេញ មួយថ្ងៃ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដែលនេះគឺជាសូចនាករមួយមាននៅក្នុងស្តង់ដាគំរូចំនួន ៥ គឺ៖ ស្តង់ដា(ទី១). លទ្ធផលសិក្សារបស់សិស្ស (ទី២). ការបង្រៀននិងរៀន (ទី៣). ការចូលរួមរបស់សហគមន៍ (ទី៤ ). ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង (ទី៥). គណនេយ្យភាពរបស់សាលារៀន។ ក្នុងនោះដែលក្រសួងក៏បានបញ្ជ្រាបនូវវិធានគន្លឹះជំរុញគុណភាពអប់រំ ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលរួមមាន ៖ (ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី២).ការពិនិត្យកែសម្រួល និង រៀបចំកម្មវិធីសិក្សា, និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស (ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង(ទី៤).ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។
ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំនេះដែរ រាជ រដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការលើកកម្ពស់គុណវុឌ្ឍិ និងតួនាទីគ្រូបង្រៀន តាមរយៈការកែលម្អគោលនយោបាយគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ការដំឡើងប្រាក់បៀវត្ស ជំរុញឱ្យមានការទទួលស្គាល់ និងផ្តល់តម្លៃដល់គ្រូបង្រៀននៅក្នុងសង្គម។
ជាថ្មីម្តងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយដែលបានឃើញផលនៃកំណែទម្រង់វិស័យអប់រំបានដល់លោកគ្រូ អ្នកគ្រូ និងស្នើឱ្យបន្តប្រឹង ប្រែងសហការគ្នាចូលរួមបន្ថែមទៀត ដើម្បីលើកស្ទួយគុណភាពអប់រំនៅកម្ពុជាឱ្យរីកចម្រើនឡើងប្រកបដោយចីរភាព៕