ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការបែកបាក់សង្គមជាតិប្រមាណ៥០០ឆ្នាំមកនេះ កើតឡើងដោយសារតែការបែកបាក់ផ្ទៃក្នុង ហើយលប្រទេសយើងទើបតែទទួលបានសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨មក ដែលកម្ពុជា ឈប់មានការវាយប្រហារគ្នា ឈប់ចែកទឹកដីគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ការបែកបាក់គ្នា កើតឡើងដោយសារខ្មែរគ្នាឯង ហើយគ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរនោះទេ ប៉ុន្ដែខ្មែរប្រឈមមុខដាក់ខ្មែរគ្នាឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ដើម្បីជៀសវាងការបែកបាក់នេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំដល់តាជី យាយជីឲ្យជួយណែនាំបន្ថែមដល់កូនចៅ និងក្មេងៗនៅតាមមូលដ្ឋានរបស់ខ្លួនកុំឲ្យប៉ះពាល់គ្រឿងញៀន និងទង្វើផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ និងសង្គមជាតិស្អប់ខ្ពើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ៖ ការអប់រំតាមបែបព្រះពុទ្ធសាសនាដល់ប្រជាពលរដ្ឋ ដល់យុវជន គឺជាការចូលរួមថែរក្សាសន្ដិភាពរបស់កម្ពុជា តាមរយៈការអប់រំផ្លូវកាយ និងផ្លូវចិត្តធ្វើឱ្យយុវជនមានសន្ដិភាពផ្លូវចិត្ត ៕