ខេត្តតាកែវ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ បានថ្លែងថា ៖ ជាអកុសលណាស់ នៅពេលដែលកម្ពុជាយើងកំពុងដំណើរការអភិវឌ្ឍទៅមុខយ៉ាងស្វាហាប់ ក្រុមជនអគតិមួយចំនួន គាត់នាំគ្នាបំផុស បំផុល ខុសពីការពិត ថាការដំណើរការនៃការអភិវឌ្ឍរបស់យើង នឹងត្រូវបាត់បង់ទឹកដី គេនឹងយកទឹកដីរបស់យើង នៅតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ៖ នៅពេលគេមិនទាន់បានរៀបចំអាពាហ៍ពិពាហ៍ផង គាត់មកភូតកុហកថា នៅពេលកូនចៅកើតមក គេយកទៅបាត់ហើយ ពេលកូនកើតមកបាត់ដៃ បាត់ជើង ឈឺបាត់ទៅហើយ។ នេះជាទស្សនៈរបស់ក្រុមជ្រុលនិយមទាំងអស់នោះ ដែលមានចេតនាអាក្រក់មកលើសង្គមកម្ពុជា។ ជាការពិត នៅពេលយើង យើងរៀបការ យើងបង្កើតកូនមក យើងមានពេទ្យ យើងមានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ត្រឹមត្រូវល្អ សម្រាប់មើលថែកូនយើង ឱ្យកូនយើងលូតលាស់ធំធាត់ល្អ មានបញ្ញាឈ្លាសវៃ សម្រាប់អនាគតប្រទេសជាតិ។
លោករដ្ឋមន្រ្តីបានចាត់ទុកថាការផ្សព្វផ្សាយបំភ្លើសខុសពីការពិត ថាបាត់បង់ប្រយោជន៍ ទឹកដីទៅប្រទេសណាមួយ អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម គឺពួកប្រឆាំងទាំងអស់នោះ កំពុងបំពុលបរិយាកាស សេដ្ឋកិច្ចកម្ពុជាយើង ឱ្យបរទេសមើលឃើញថា អស្ថេរភាព មិនឱ្យគេមកវិនិយោគ និងមិនចង់ឱ្យទេសចរមកលេងកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន លោករដ្ឋមន្រ្តីបានប្រកាស ប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយជំរុញឱ្យ មន្ត្រីគ្រួសារបរិស្ថាន ក៏ដូចជាប្រជាពលរដ្ឋ បានយល់ដឹងថាតើអ្វីទៅជា (CLV- DTA) ដើម្បីកុំឲ្យចាញ់ការញុះញង់ បោកប្រាស់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច៕