ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យើងមិនអាចចេះតែបារម្ភផ្តេសផ្តាសចំពោះអនាគតបាននោះឡើយ ដើម្បីបញ្ចប់កង្វល់និងមន្ទិលសង្ស័យអំពីកិច្ចសហប្រតិបតិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA យើងត្រូវតែរួមគ្នាអភិវឌ្ឍតំបន់នោះឱ្យកាន់តែរីកចម្រើន ឱ្យតំបន់នោះកាន់តែមានប្រជាជនរស់នៅច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ប្រជាជនភាគច្រើន មានបំណងប្រាថ្នាបួនរួមមាន៖
ទី១ កុំឱ្យបាត់ដី ។
ទី២ កុំឱ្យបាត់អធិបតេយ្យ ។
ទី៣ អភិវឌ្ឍខេត្តទាំង៤ នោះឱ្យខ្លាំងឱ្យមានប្រជាជនរស់នៅច្រើន ។
និងទី៤ កុំឱ្យខ្មែរបែកបាក់ផ្ទៃក្នុងបែកបាក់ឯកភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងប្តេជ្ញាអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទៅមុខដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនម្ចាស់ឆ្នោត ហើយបើសិនជា រាជរដ្ឋាភិបាល ដឹកនាំធ្វើឱ្យបាត់ទឹកដី៤ខេត្តនោះ ប្រជាជនអាចបោះឆ្នោតទម្លាក់គណបក្សប្រជាជនកម្ពុជាបាននៅក្នុងអាណត្តិជាបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖សម្តេចបានស្តាប់មតិរបស់ពលរដ្ឋទាំងអស់ ប៉ុន្តែសម្តេចក៏ទទួលយកនូវមតិភាគច្រើន ដែលគាំទ្រឱ្យកម្ពុជាបន្តអភិវឌ្ឍខេត្តរបស់ខ្លួន នៅតំបន់ត្រីកោណនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា ប្រសិនបើអ្នកមិនគាំទ្រចំពោះគម្រោងនេះ យល់ថា គម្រោងនេះមិនល្អ ពួកគេអាចបោះឆ្នោតផ្លាសប្តូរមេដឹកនាំបាន រៀងរាល់៥ឆ្នាំម្តង។
សម្តេចបញ្ជាក់ដូច្នេះថា៖ «កុំយកហេតុផលនៃការសង្ស័យដែលមិនមានជាការពិត នេះជាបញ្ហា រឿងអ្វីដែលថាកង្វល់ ព្រោះអំណាចប្រជាពលរដ្ឋមាន៥ឆ្នាំម្តង ខ្លាច៥០ឆ្នាំស្អី បើ៥ឆ្នាំគេធ្វើការវិនិច្ឆ័យម្តងហ្នឹងបោះឆ្នោតម្តងហ្នឹង បើប្រាកដថាបាត់មែនកន្លែងហ្នឹង បោះឆ្នោតទម្លាក់ទៅរដ្ឋាភិបាលហ្នឹង ចាំបាច់កាប់ចាក់គ្នាធ្វើអី»។
សម្តេចបានពន្យល់ថា រឿងទឹកដីជារឿងធំណាស់ មិនមែនចេះតែកាត់ឱ្យប្រទេសណានោះទេ ហើយកម្ពុជា តែងតែរក្សាជំហរនៅលើឆាកអន្តរជាតិ មិនគាំទ្រចំពោះការបំបែករដ្ឋនោះទេ។
សម្តេចបញ្ជាក់ទៀតថា «ជំហរមួយរបស់កម្ពុជា នៅលើឆាកអន្តរជាតិ គឺប្រឆាំងទៅលើការបំបែករដ្ឋ យើងមិនគាំទ្រការបំបែករដ្ឋណា ដែលជារដ្ឋអធិបតេយ្យភាព នៅក្នុងអង្គការសហប្រជាជាតិ អីចឹងបើយើងមិនគាំទ្រការបំបែករដ្ឋនៅ ប្រទេសគេហើយ តើយើងនឹងធ្វើការបំបែកខេត្តនៅប្រទេសយើងទេ?»៕