ភ្នំពេញ៖ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ គិតត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែសីហានេះ មន្រ្តីជំនាញបានធ្វេីការបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ចាប់បានសាច់បង្កកចម្រុះគ្មានច្បាប់ និងខូចគុណភាពជាង ១០តោន។ ខណៈសាច់បង្កកទាំងនោះ គឺភាគច្រើនត្រូវបានគេនាំចូលពីបរទេស ជាពិសេសវៀតណាមតែម្តង។
អនុប្រធាននាយកដ្ឋានរូបនេះ បានថ្លែងបន្តថា ជាក់ស្ដែងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់បានជើងមាន់គ្មានលិខិតអនុញ្ញាតចំនួន ២តោន ពីឈ្មួញដែលបានចែកចាយនៅក្នុងភ្នំពេញ។
ដោយឡែកមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ កាលពីថ្ងៃទី៧ សីហាថ្មីៗនេះ ក៏បានបង្រ្កាបបានសាច់មាន់ ៣៦កេស ជ្រូកបង្កក ៦ធុងស្នោ ឬស្មើ ៧២ក្បាល ដែលឈ្មួញនាំចូលគ្មានច្បាប់ពីប្រទេសវៀតណាម។ បច្ចុប្បន្នមន្រ្តីជំនាញ ក៏បានដុតកម្ទេចចោលផលិតផលសត្វបង្កកខូចគុណភាពចំនួន ២តោន នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ។
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១២ សីហាថ្មីៗនេះដែរ ក៏បង្រ្កាបបំណែកសាច់បង្កកចម្រុះខូចគុណភាព ៦ ១៩៩ គីឡូក្រាម។ បំណែកសាច់បង្កកទាំងនេះ រួមមាន៖ ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ដែលក្នុងមានចំនួនសរុបចំនួន ៤៣៨កេស ស្មើនឹង ៦តោន និង១៩៩គីឡូក្រាម។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញថា ទំនិញគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន និងជាទំនិញមិនមានប្រភពច្បាស់លាស់ និងដោយម្ចាស់រត់ចោលអត់ព្រមចូលខ្លួនដោះស្រាយ។
ចំពោះទំនិញទាំងអស់នោះមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការដកហូតនិងកម្ទេចចោលទៅតាមនីតិវិធី ជៀសវាងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់៕ដោយ៖តារា