ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនបុរសម្នាក់ទៀតនៅស្រុកក្រគរ ពាក់ព័ន្ធការរួមគំនិតចូលរួមបង្កចលាចលសង្គម និងញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល តាមការអូសទាញក្រុមនយោបាយទុច្ចរិតនៅក្រៅប្រទេស ។ សម័យ សន្តិភាព មិនអាចអត់អោនឱ្យជនទុច្ចរិតប្រព្រឹត្តល្មើសច្បាប់បានឡើយ ចេញមួយចាប់មួយ ដើម្បីការពារ សន្តិភាព។
សូមបញ្ជាក់ថា ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចាប់ឃាត់ខ្លួនបុរសម្នាក់ទៀតនៅស្រុកក្រគរ ពាក់ព័ន្ធរួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិ ដោយញុះញង់បង្កចលាចលសង្គម តាមរយៈការរួមគំនិតចូលរួមកុបកម្មដោយខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីថ្លែងការណ៍របស់តំណាងអយ្យការខេត្តពោធិ៍សាត់ បានបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនឈ្មោះ សន ច័ន្ទសាន ហៅ ញ៉ង អាយុ៣១ឆ្នាំ ដែលបានសរសេរអត្ថបទក្នុងន័យកៀរគរ មហាជនឱ្យចូលរួមបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាជាឯកសារដែលមាននៅក្នុងសំណុំរឿងវត្ថុតាងដែលបានដកហូត, តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យពីបទ «រួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥ឆ្នាំ ដល់១០ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុក ជា នៅចំណុចច្រកព្រាល ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការអូសទាញ ញុះញង់ពីក្រុមជនក្បត់ជាតិនៅក្រៅប្រទេស ព្រោះប្រទេសជាតិយើង មាន«សន្តិភាព» ហើយ នាំគ្នាខិតខំធ្វើការ រកសុី៕